គណៈកម្មការគ្រប់គ្រងធនាគារពិភពលោក កាលពីថ្ងៃទី១ខែធ្នូ បានសម្រេចបើកប្រាក់២៨០លានដុល្លារដើម្បីជួយដល់ប្រទេសអាហ្វហ្គានីស្ថានទប់ទល់នឹងវិបត្តិមនុស្សធម៌។
សារព័ត៌មានរ៉យទ័រ បានផ្សាយថាមុនពេលបើកប្រាក់បញ្ជូនទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោក ក្រុមអ្នកជំនួយនឹងជួបគ្នានៅថ្ងៃទី៣ខែធ្នូដើម្បីសម្រេចជាលើកចុងក្រោយ។ រាល់ការបើកប្រាក់បង្កកទៅឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គឺចាំបាច់ត្រូវតែសួរដល់អ្នកផ្តល់ជំនួយធំៗក្នុងនោះមានអាមេរិកជាដើម ។
គណៈកម្មការធនាគារពិភពលោក បានជួបប្រជុំគ្នានៅថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីពិភាក្សាពីការបើកប្រាក់៥០០លានដុល្លារក្នុងចំណោមប្រាក់១,៥ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ដល់ប្រទេសអាហ្វហ្គានីស្ថាន។
បច្ចុប្បន្នមានពលរដ្ឋអាហ្វហ្គានីស្ថាន ៣៩លាននាក់ប្រឈមផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិសេដ្ឋកិច្ច ភាពក្រីក្រ ដោយសារសង្គ្រាម ។ ពលរដ្ឋអាហ្វហ្គានីស្ថានប្រឈមកង្វះស្បៀងអាហារនៅរដូវរងានេះ ក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងអំណាចដឹកនាំប្រទេស។
ក្រុមអ្នកឯកទេសអាហ្វហ្គានីស្ថាន បានឱ្យដឹងថា ការបើកប្រាក់នោះជារឿងចាំបាច់បំផុត ដើម្បីជួយដល់ពលរដ្ឋអាហ្វហ្គានីស្ថានដែលកំពុងប្រឈមកង្វះស្បៀងអាហារក្នុងរដូវរងានេះ៕
ដោយ៖ធីរីណា(រូបថត៖anninhthudo.vn)