ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា ៖ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” !

ចែករំលែក៖

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា, ថ្ងៃនេះគឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២១ ។

លោកបន្តថា ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ (៤៣ឆ្នាំមុន) ជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។

រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ក្រោមការអំពាវនាវរបស់សម្តេចដឹកនាំទាំងបី ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ និងដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីប្រទេសជាមិត្ត ជិតឆ្ងាយលើសកលលោក បានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ  រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩ ។

៧ មករា ៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងវិញនូវទំព័រសករាជថ្មី ប្រជាជនកម្ពុជាយើង ក៏បានទទួលមកវិញនូវសិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្ដារ កសាង និងអភិវឌ្ឍមាតុភូមិរបស់ខ្លួនផងដែរ ។

សូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ នៃទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្តេជ្ញាចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេង និងមិនអាចកាត់ថ្លៃរបស់សម្តេចទាំងបី ព្រមទាំងវីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាកម្លាំងកាយ និងអាយុជីវិត ដើម្បីរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានធ្វើឲ្យប្រទេសជាតិ មានសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យដូចសព្វថ្ងៃនេះ៕

ដោយ ៖ សិលា


ចែករំលែក៖