ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, ក្នុងដំណាក់កាលនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅ ជាមួយជំងឺកូវីដ-១៩ “តាមគន្លងប្រក្រតីភាពថ្មី ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឱ្យចាប់ផ្តើមដំណើរ ការរៀន និងបង្រៀនជាលក្ខណៈបណ្តុះ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងការបើកដំណើរការឡើងវិញនៃ គ្រឹះស្ថានឧត្តមសិក្សា។ ដើម្បីគាំទ្រដល់ដំណាក់កាលនេះ និងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួង អប់រំ យុវជន និងកីឡាសម្រេចអនុញ្ញាតឱ្យបើកដំណើរការសកម្មភាព និងសេវាកម្មនានា ដើម្បីគាំទ្រដល់ដំណើរ ការរៀននិងបង្រៀនជាលក្ខណៈបណ្តុំ នៅតាមគ្រឹះស្ថានសិក្សាឯកជន ដូចខាងក្រោម ៖
១-សកម្មភាពកីឡា ដែលមានការប៉ះទង្គិច ឬការប៉ះពាល់រវាងរូបរាងកាយតិចតួច រួមមាន លំហាត់ប្រាណ អត្តពលកម្ម ការហែលទឹក កីឡាវាយសី
២. អាហារដ្ឋាន និងសេវាផ្តល់អាហារដែលអាចគ្រប់គ្រងពេលវេលាចូលទទួលទានអាហាររបស់ សិស្សមិនឱ្យកុះករ និងរក្សាគម្លាតសុវត្ថិភាព (ប៉ុន្តែការផ្តល់ទឹកស្អាតពីប្រភពរួមគ្នា សម្រាប់ ទទួលទាន ត្រូវបន្តផ្អាក)
៣. បណ្ណាល័យ បន្ទប់នេត្រា-សោតទស្សន៍ បន្ទប់ពិសោធន៍ ដែលពុំប្រើប្រាស់ប្រព័ន្ធត្រជាក់ ឬ ប្រព័ន្ធបន្សុទ្ធខ្យល់រួមគ្នា (ដោយត្រូវបើកបង្អួចឱ្យបានទូលាយ)
៤. សកម្មភាពសិល្បៈ ការរាំ ការប្រគុំតន្រ្តី ការសម្តែងកាយវិការ ដែលមានការប៉ះពាល់រវាងរូបរាង កាយតិចតួច (ដោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើអនាម័យលើឧបករណ៍ ដែលត្រូវ ប្រើប្រាស់រួមគ្នា)
៥. សេវាដឹកជញ្ជូនសិស្ស ដោយបន្តរក្សាគម្លាតសុវត្ថិភាព (មិនអនុញ្ញាតឱ្យអង្គុយជាប់គ្នា)
ការបើកដំណើរការសកម្មភាព និងសេវាកម្មនានា ដើម្បីគាំទ្រដល់ដំណើរការរៀននិងបង្រៀនជា លក្ខណៈបណ្ដុះ ដូចរៀបរាប់ខាងលើ នឹងត្រូវអនុវត្តស្របតាម “គោលការណ៍ប្រតិបត្តិស្តង់ដា (SOP)ស្ដីពីសេវា
រថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាន នៅ តាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ-១៩ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ និង គោលការណ៍ណែនាំដទៃទៀត ដែលមានជាធរមាន។
គ្រឹះស្ថានសិក្សាឯកជន ដែលមានបំណងបើកដំណើរការសកម្មភាព និងសេវាកម្មខាងលើ ត្រូវឆ្លងកាត់ការពិភាក្សាជាមួយមាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាមុន។ ទទួលបានសេចក្ដីជូនដំណឹងនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជន បុគ្គលិកអប់រំ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សុខ ខេមរា