ភ្នំពេញ ៖ សេចក្តីប្រកាសគាំទ្រ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូម ប្រកាសគាំទ្រយ៉ាងឱឡារិកបំផុត ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែក គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលមានគ្រប់លក្ខណៈសម្បត្តិមានការសិក្សាជ្រៅជ្រះខ្ពង់ខ្ពស់ មានសមត្ថភាព មានទេពកោសល្យខ្ពស់ មានគុណធម៌និងសីលធម៌ល្អ បានទទួលការកោតសរសើរ និងការគោរពស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ ពីមន្ត្រីរាជការ និង ពីកងកម្លាំងប្រដាប់អាវុធ ហើយបាននិងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។
គណៈអចិន្ត្រៃយ៍នគណៈកម្មាធិការកណ្តាល មានជំនឿនិងក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើក កម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិ ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា ៕
ដោយ ៖ សុខ ខេមរា