ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសប្រើសារធាតុញៀន លើសកម្រិត ដុតផ្ទះខ្លួនឯង ឆេះរាលដាលដល់ផ្ទះអ្នកជិតខាង២ខ្នងទៀត

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ផ្ទះសង់ពីឈើ ដំបូលប្រក់ស័ង្កសីចំនួន២ខ្នង បានក្លាយជាចំណីអគ្គីឆេះបំផ្លាញគ្មានសល់និង១ខ្នងទៀតឆេះអស់៤០ភាគរយកាលពីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចភូមិទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។

  មន្រ្តី្តនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រៀលបានឲ្យដឹងថា ផ្ទះ៣ខ្នងនេះជាកម្មសិទ្ធិ១-ឈ្មោះ ថៃ សេងហ៊ុន ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើ (ឆេះទាំងស្រុង ទំហំ៥ម៉ែត្រX៦ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ  ២-ឈ្មោះ ញ៉ ស្រីឡែន ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិកើតហេតុខាងលើ (ឆេះទាំងស្រុង)ទំហំ ៦ម៉ែត្រx៨ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារ។ ម្ចាស់ផ្ទះបិទទ្វារចោលធ្វើចំណាកស្រុក ទៅរស់នៅខេត្តសៀមរាប និង ៣-ឈ្មោះ ប៊ូ ម៉ាស៊ី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ (ឆេះ៤០%) ដែលផ្ទះមានទំហំ៤ម៉ែត្រx៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ។

 ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើង ដោយសារឈ្មោះ លិន ដា ភេទប្រុស អាយុ២៣ឆ្នាំ ជាកូនរបស់ឈ្មោះ ថៃ សេងហ៊ុន បានប្រើប្រាស់សារធាតុញៀនលើសកម្រិត ហើយគ្មានស្មារតីក៏កេះដែកកេះដុតផ្ទះខ្លួនឯង ឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ។បន្ទាប់មកជនរូបនេះបានគេចខ្លួនបាត់។

 យ៉ាងណាក្នុងករណីនេះ រថយន្តពន្លត់អគ្គិភ័យស្រុក បានចេញទៅធ្វើអន្តរាគមន៍បាញ់ទឹកអស់២រថយន្តទើបភ្លើងរលត់ ហើយក៏មិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖