ព័ត៌មានទាន់ហេតុការណ៍៖

ចារកិច្ចអាមេរិក៖ រុស្ស៊ីឡើងគម្រោងវាយប្រហារអ៊ុយក្រែននៅដើមឆ្នាំក្រោយ

ចែករំលែក៖

សារព័ត៌មាន Washington Post បានដកស្រង់របាយការណ៍ចារកិច្ចអាមេរិកដែលបានផ្សាយថា រុស្ស៊ីមានគម្រោងវាយប្រហារអ៊ុយក្រែនជាមួយនឹងទាហានចំនួន ១៧៥ពាន់នាក់នៅដើមឆ្នាំ២០២២នេះ។
មន្ត្រីជាន់ខ្ពស់មួយរូបដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា គម្រោងវាយប្រហាររបស់រុស្ស៊ីរួមមានទាំងការបញ្ជូនកងពលរថពាសដែក កាំភ្លើងធំ ជាង១០០កងពល ព្រមទាំងសម្ភារសឹកជាច្រើនទៀត។ វិមានប្រធានាធិបតីរុស្ស៊ីបានបញ្ជូនកម្លាំងទាហានទៅកាន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ។ មិនតែប៉ុណ្ណោះរុស្ស៊ី បានស្នើដល់ទីក្រុងវ៉ាស៊ីនតោនត្រូវតែធានាថា អ៊ុយក្រែននឹងមិនចូលជាសមាជិកសម្ព័ន្ធយោធាណាតូឡើយ។ ជាមួយគ្នានោះដែររុស្ស៊ីបានស្នើអង្គការណាតូកាត់បន្ថយសកម្មភាពយោធាជុំវិញទឹកដីអ៊ុយក្រែន។
កន្លងមករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការកើនឡើងចំនួនទាហានរុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន ។ លោកបន្តទៀតថាចំនួនទាហានរុស្ស៊ីនៅព្រំដែនបានកើនឡើងដល់ទៅ៩៤.៣០០នាក់។
លោក Oleksii Reznikov បញ្ជាក់ថា ពេលវេលាដែលរុស្ស៊ីបង្កឱ្យមានភាពតានតឹងគឺនៅចុងខែមករា ។ លោកបន្តទៀតថា អាចនឹងមានការប៉ះទង្គិចគ្នា តែអ៊ុយក្រែននឹងខិតខំទប់ស្កាត់សង្គ្រាមកើតឡើងជាមួយរុស្ស៊ី។
ចំណែកភាគីរុស្ស៊ីបានច្រាលចោល ការចោទប្រកាន់ទាំងឡាយ ដោយរុស្ស៊ីបញ្ជាក់ថា មិនមានគម្រោងណាមួយវាយប្រហារអ៊ុយក្រែននោះឡើយ។ លោក Konstantin Kosachev សមាជិកគណៈកម្មការសហភាពរុស្ស៊ី បានបញ្ជាក់នៅលើបណ្តាញទូរទស្សន៍ Russia 24 ថា «យើងមិនមានគម្រោងណាមួយវាយប្រហារអ៊ុយក្រែននោះឡើយ ក៏ដូចជាការបង្កើនកម្លាំងយោធានៅជិតព្រំដែនជាប់អ៊ុយក្រែននោះដែរ៕

ដោយ៖ធីរីណា(រូបថត៖Washington Post)


ចែករំលែក៖