ព័ត៌មានទាន់ហេតុការណ៍៖

អូមីក្រុងបង្ហាញវត្តមាន ធ្វើឱ្យករណីឆ្លងកូវីដ-១៩ នៅអាហ្វ្រិកខាងត្បូង កើនឡើងដល់ទៅ ៤០៨%

ចែករំលែក៖

ចំនួនអ្នកឆ្លងកូវីដ-១៩នៅអាហ្វ្រិកខាងត្បូងបានកើនឡើងដល់ទៅ ៤០៨% ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរចំនួនអ្នកស្លាប់បានកើនឡើងពី៨ទៅ២១នាក់ក្នុងរយៈពេលដូចគ្នា។

នាយកដ្ឋានជាតិគ្រប់គ្រងជំងឺឆ្លងអាហ្វ្រិកខាងត្បូង (NICD) កាលពីថ្ងៃទី៤ខែធ្នូ បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីក្នុងរយៈពេល២៤ម៉ោងមានដល់ទៅ ១៦.៣៦៦នាក់ គឺកើនឡើង ៤០៨%បើប្រៀបធៀបនឹង៧ថ្ងៃមុន មានតែ៣.២២០នាក់ប៉ុណ្ណោះ ។ នៅពេលនេះគេមិនទាន់ដឹងថា ករណីឆ្លងនោះភាគច្រើនជាប្រភេទវីរុសបំប្លែងថ្មីណាមួយនោះឡើយ តើជាដែលតា ឬក៏អូមីក្រុង? ជាមួយគ្នានេះដែរក៏មានអ្នកស្លាប់ ២១នាក់ គឺកើនឡើង១៦២% បើប្រៀបធៀបនឹង៧ថ្ងៃមុនមានតែ ៨នាក់ប៉ុណ្ណោះ។
តាមរបាយការណ៍របស់ (NICD) បានបញ្ជាក់ថា តួលេខនៃការឆ្លងគឺពឹងផ្អែកលើការធ្វើតេស្ត PCR ប្រចាំថ្ងៃនៅអាហ្វ្រិកខាងត្បូង ។ ខេត្ត Gauteng រកឃើញករណីឆ្លងកូវីដ-១៩ច្រើនជាងគេ គឺមានដល់ទៅ១១.៦០៧នាក់។ សរុបចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានកើនឡើងដល់ទៅជាង៣លាននាក់និងស្លាប់ ជាង ៩៨,៩ពាន់នាក់ ។
អាហ្វ្រិកខាងត្បូង ប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មី Omicron ដែលពិភពលោកចាត់ទុកថាជា មានហានិភ័យខ្ពស់។ មន្ត្រីសុខាភិបាលប្រទេសនេះបានបញ្ជាក់ថា វីរុសអូមីក្រុងបានរាលដាលនៅ៩ខេត្ត-ក្រុងក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
តាមការលើកឡើងរបស់អ្នកឯកទេសសុខាភិបាលអាហ្វ្រិកខាងត្បូង បានឱ្យដឹងថា កូវីដ-១៩ បំប្លែងថ្មី Omicron បង្កឲ្យមានអាការៈស្រាលជាង វីរុសកូវីដ-១៩ បំប្លែងផ្សេងៗ។
ប៉ុន្តែអ្នកឯកទេសស្តីពីជំងឺឆ្លងរបស់ប្រទេសអង់គ្លេស លោក Meaghan Kall បានព្រមានថា តាមតួលេខបច្ចុប្បន្ន Omicron អាចឆ្លងរាលដាលអាក្រក់ជាង Deltaទៅទៀត។ នៅពេលនេះអង្គការWHO កំពុងតែវាយតម្លៃពីកម្រិតគ្រោះថ្នាក់នៃវីរុសបំប្លែងថ្មី Omicron ៕ ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖