ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា អញ្ជើញក្នុងពិធីបិទសន្និបាតក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១  នេះ  លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅសណ្ឋាគារ សុខាភ្នំពេញ ។

លោកថ្លែងថា, ក្នុងនាមសម្តេចក្រឡាហោម ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ចូលរួមកិច្ចការងារសង្គម សំដៅបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ទាំងមូល ។

ការរៀបចំសន្និបាតរបស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង គឺជាឱកាសដែលយើងរួមគ្នាធ្វើជាកញ្ចក់ឆ្លុះមើលលទ្ធផលការងារក្នុងរយៈពេល ១១ខែកន្លមកនេះ ថាតើយើងបានធ្វើអ្វីខ្លះ? មានចំណុចខ្វះខាតអ្វីខ្លះ? ដើម្បីយើងវាយតម្លៃ ហើយដាក់ចេញទិសដៅការងារឆ្នាំថ្មី២០២២ ឱ្យបានកាន់តែល្អប្រសើរ សម្រាប់ការបំពេញភារកិច្ចចូលរួមបម្រើជាតិ និងបម្រើប្រជាជន ដូចដែលគណបក្សរបស់យើង បានធ្វើ កំពុងធ្វើ និងបន្តធ្វើ ។

លោកបន្តថា, បើទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពលំបាកបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដោយ ក៏ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅតែអាចសម្រេចបាននូវលទ្ធផលការងារជាច្រើន គួរឱ្យកោតសរសើរ ។

ជាមួយគ្នានេះ ខ្ញុំមានសេចក្ដីសង្ឃឹម និងជឿជាក់ថា ផ្អែកលើលទ្ធផលនៃការសន្និបាតនេះ ថ្នាក់ដឹកនាំក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងទាំងអស់ នឹងខិតខំប្រឹងប្រែងកែលម្អរការងារ និងធ្វើអោយសម្រេចបាននូវទិសដៅថ្មីៗ ដែលអង្គសន្និបាតបានដាក់ចេញ សំដៅចូលរួមចំណែកជ្រោមជ្រែងគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្លាំងក្លាថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖