ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះចុះឆែកឆេរនិងបង្ក្រាបទីតាំង​ស្តុកឈើ ហើយរឹបអូសបានឈើប្រណីតរាប់សិបកំណាត់

ចែករំលែក៖

​ខេត្ត​រតនគិរី​៖ ទីតាំងគំនរឈើធ្នង់រាប់សិបកំណាត់ដែលក្រុមឈ្មួញ​អារច្រៀករួចជាស្រេចលាក់ទុកបម្រុងដឹកបង្កប់តាមរថយន្តទៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នាចុះរុករកឃើញនិងធ្វើការរឹបអូសយកទៅរក្សាទុកបណ្តោះអាសន្ន។

ការចុះបង្ក្រាបឈើនោះដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក យិន ចំណាន ស្នងការនគរបាល​ខេត្ត​រតនគិរីដែលធ្វើឡើងនៅ​វេលា​ម៉ោង១១និង៣០នាទីថ្ងៃ​ទី៤ ខែ​ធ្នូឆ្នាំ២០២១  រួមមានកម្លាំង​ប៉ុស្តិ៍​រដ្ឋបាលឃុំ​ប៉ុង៣នាក់ ដឹកនាំ​ដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​រតន​គិរី លោក​ឈាង សុ​ភក្កិ នាយផ្នែកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងលោក គឹម ឆេង​លឹម នាយសង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​វើន​សៃ។

ប្រភពបានឱ្យដឹងថា ការចុះ​បង្ក្រាបផ្ទាល់នោះបានធ្វើការឆែកឆេរ​នៅក្នងលំនៅឋាន​មួយកន្លែងជាកម្មសិទ្ធិរបស់​លោក នូ ខុម ភេទ​ប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ ស្ថិតក្នុង​ភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វើន​សៃ ខេត្តរតនគិរី។

ក្រោយចុះ​ឆែកឆេរកម្លាំងសមត្ថកិច្ចបាន​ធ្វើការរឹបអូសយក​ឈើ​ប្រណីតប្រភេទធ្នង់ដែលរាប់ទៅឃើញចំនួន៦២កំណាត់។​

រួចហើយក៏បានដឹកយកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើខេត្ត​រតនគិរីដើម្បីចាត់ការតាមច្បាប់ព្រៃឈើ ប៉ុន្តែបច្ចុប្បន្នមិនទាន់​បាន​ធ្ធ្ធ្វើការវាស់វែងនៅឡើយ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖