យ៉ាងហោចណាស់ក៏មានមនុស្ស ១៣នាក់ស្លាប់និងរាប់សិបនាក់ទៀតរងរបួសដែរ ហើយពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថិភាពក្រោយពីភ្នំភ្លើងSemeru នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើង ។ ក្រុមជួយសង្គ្រោះបានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជួយមនុស្ស១០នាក់ដែលជាប់គាំងដោយភ្នំភ្លើង។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៉ី (BNPB) នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ហេតុការណ៍ផ្ទុះភ្នំភ្លើង Semeru នៅកោះជ្វា បានផ្តាច់ជីវិតមនុស្សកើនឡើងយ៉ាងហោចណាស់ក៏១៣នាក់ដែរ ហើយបង្កឱ្យពលរដ្ឋជិត១០០នាក់ផ្សេងទៀតទទួលរងរបួស។
ភ្នំភ្លើង Semeru ដែលជាភ្នំខ្ពស់ជាងគេប្រចាំនៅកោះជ្វា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានផ្ទុះជះផេះនិងដុំពពកដ៏ក្តៅគគុកឡើងទៅលើផ្ទៃអាកាស ដែលបានគ្របដណ្តប់ភូមិជាច្រើននៅជុំវិញនោះ ក្នុងខេត្តជ្វាខាងកើត ជាហេតុបណ្តាលឱ្យមនុស្សម្នានាំគ្នារត់ភៀសខ្លួនទាំងភ័យតក់ស្លុត។
តាមសារព័ត៌មាន BNPB បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងតិច១៣នាក់បានបាត់បង់ជីវិត ក្រោយបន្ទុះភ្នំភ្លើងខាងលើ។ ចំណែកមនុស្ស៩៨នាក់ទៀតបានរងរបួស ក្នុងនោះមានស្រ្តីមានផ្ទៃពោះ ២នាក់ផងដែរ និង៩០២នាក់ត្រូវបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព។
ភ្នំភ្លើង Semeru ដែលមានកម្ពស់ជាង ៣,៦០០ម៉ែត្រ គឺជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើងសកម្មសរុបជិត១៣០កន្លែង នៅប្រទេសឥណ្ឌូនេស៉ី។ វាធ្លាប់បានផ្ទុះឡើងម្តងដែរកាលពីខែមករាដើមឆ្នាំនេះ ប៉ុន្តែមិនបានបង្កឲ្យមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ឡើយ នាពេលនោះ៕ដោយ៖ធីរីណា
រូបថត៖Reuters