ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការ ផ្លូវជាតិលេខ១១ និង គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង ជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។

ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍លើកឡើងបញ្ជាក់ថា,  កម្ពុជា គ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលកូវីដ-១៩មួយទំហំធំ ដែលអាចដាក់មនុស្សបានរាប់ម៉ឺននាក់ និងផ្នែកសង្គ្រោះបន្ទាន់ រាប់រយគ្រែ ដើម្បីផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក ទុក បម្រើដល់វិស័យកីឡាវិញ។

សម្តេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើសារនយោបាយ ទៅបុគ្គលជាឧត្តមសេនីយ៍យោធា វៀតណាម ឈ្មោះ  ង៉ូវ ស៊ុនជាន ដែលបានវាយប្រហារមកលើកម្ពុជាពាក់ព័ន្ធ បញ្ហាកូវីដ១៩ ដោយសម្តេចបញ្ជាក់ថា សំដីឧត្តម សេនីយ៍វៀតណាមរូបនោះ ជាការប្រមាថមកលើកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិន សំដៅលីប្រទេសវៀតណាមទេ គឺសំដៅលីបុគ្គលវៀតណាម ម្នាក់តែប៉ុណ្ណោះ ទោះកម្ពុជាតូច ក្រ ក៏កម្ពុជាមានតម្លៃរបស់ខ្លួន នៅក្នុងការគិតគូរពីសុខុមាលភាពប្រជាជនខ្លួន ដែលមិនអាច ទទួលយកការប្រមាថនេះបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តគ្មានការប្រែប្រួលឡើយ។ ទោះបី ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ត្រូវឡើងតាមការ បោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រកួតប្រជែងជាមួយគណបក្សនយោបាយផ្សេងៗទៀត ដែលគេមានបេក្ខភាព នាយករដ្ឋមន្ត្រីដែរនោះ។ 

អ្វីជាមោទនភាព គឺសម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរការផលិត វាក់សាំងប្រឆាំងកូវីដ១៩ នៅកម្ពុជា ដោយមានជំនួយ បច្ចេកទេសពីមិត្តចិន ដែលជាការគិតគូរវែងឆ្ងាយក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ព្រោះយើងមិនដឹងថា ជំងឺនេះនឹងត្រូវបញ្ចប់នៅពេលណានោះទេ។ ការផលិតវ៉ាកក់សាំង នៅកម្ពុជាដោយផ្ទាល់ នឹងចំណេញថ្លៃដើមផលិត ការដឹកជញ្ជូន និងប្រតិបត្តិការឆាប់រហ័ស។ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាព យ៉ាងខ្លាំង ចំពោះដំណើរការចាក់វាក់សាំងកូវីដ-១៩ នៅកម្ពុជា សម្រេចបានលើសផែនការដែលបានគ្រោងទុក ដើម្បីបង្កើត ភាពស៊ាំប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលជាប្រសិទ្ធភាពនៃវាក់សាំងចិន។

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអភិបាលខេត្ត ត្បូងឃ្មុំ យកចិត្តទុកដាក់ថែរក្សាតំបន់ប្រវត្តិសាស្ត្រហ្លួងព្រះ ស្ដេចកន ឲ្យបានល្អ ដើម្បីទុកជាសក្ខីភាព និងជាកន្លែងសិក្សា ស្វែងយល់របស់មហាជន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋគ្រប់លំដាប់ថា្នក់រហូតដល់តុកាហ្វេ ដែលបានគាំទ ប្រសាសន៍របស់សម្តេច ដែលបានថ្លែងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនាពេលអនាគត។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កុំឱ្យព្រួយបារម្ភថា ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី កើតឡើងឆាប់ៗ ដោយសម្តេច បញ្ជាក់ថា សម្ដេចនឹងបន្តកាន់តំណែងជានាយករដ្ឋមន្តី យ៉ាងហោច ១០ឆ្នាំទៀត។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បេក្ខភាពសម្រាប់ តំណែងនាយករដ្ឋមន្ត្រី ក្នុងចិត្តរបស់សម្តេច មានរហូតដល់ ៤រូប ប៉ុន្តែ សម្តេចមិនបានបញ្ចេញឈ្មោះថា នរណាខ្លះនោះ ឡើយ លើកលែងតែឯកឧត្តម ហ៊ុន ម៉ាណែត ដែលសម្ដេច បានបញ្ចេញឱ្យដឹងជាសាធារណៈកាលពីសបា្តហ៍មុន។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងចូលជាធរមាន នៅខែមករា ឆ្នាំ២០២២ខាងមុខនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជា ច្រើនទៀត ដែលជាផលប្រយោជន៍របស់ប្រជាជនកម្ពុជា ទាំងមូល។ 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា, ប៉ុន្មានថ្ងៃនេះសម្ដេចបានចាត់ អោយមានមនុស្សដើរតាមផ្សារពាក់ព័ន្ធរឿងមានសារ គាំទ្រ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ ។ សម្តេចបានទទួលសារ និងការលើកឡើងពីអ្នកផ្សារថា «ក្រៅពីត្រកូល ហ៊ុន មិនដឹងទៅទុកដាក់លើនរណា !…សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់បេក្ខ ភាព ហ៊ុន ម៉ាណែត គ្រាន់តែជាការដេកចាំតែប៉ុណ្ណោះ មិនទាន់ មានការសម្រេចជាផ្លូវការនៅឡើយទេ។ ដោយសម្តេចបាន បញ្ជាក់ថា «ចុះបើឪនៅធ្វើនាយករដ្ឋមន្ត្រីច្រងោៗ តើឲ្យកូនធ្វើអី កើត ហើយខ្ញុំបានបញ្ជាក់ហើយថា ធ្វើនាយករដ្ឋមន្ត្រីដោយគ្មាន ការកំណត់…»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា លទ្ធភាពភាគ ច្រើន សម្ដេចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់មាំ ក្នុងនាមជាប្រធានអាស៊ាន។ សម្តេចតេជោបន្តថា នេះគឺ ជាវិធី ក្នុងការធ្វើការដោះស្រាយជាមួយវិបត្តិនៅក្នុង ប្រទេសមីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្អែកនេះ សម្តេចតេជោនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា រដ្ឋាភិបាលរបស់លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះ(ឆ្នាំនេះ កម្ពុជាជាប្រធានអាស៊ាន) គឺជាពេលពង្រឹងអាស៊ានឡើងវិញ ពី សមាជិក ៩ប្រទេស ទៅសមាជិក ១០ប្រទេសឡើងវិញ ព្រោះ ប្រទេសមីយ៉ាន់មាំមិនបានប្រកាសចាកចេញពីអាស៊ាននោះ ឡើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ធម្មនុញ្ញអាស៊ាន មិនបានចែងពីការបណ្ដេញប្រទេសជាសមាជិកចេញពីសមាគម នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិធីតែមួយគត់ក្នុង ការដោះស្រាយវិបត្តិនៅមីយ៉ាន់មាំ គឺត្រូវជជែកជាមួយអ្នកកាន់អំណាចនៅមីយ៉ាន់ម៉ា។

សូមបញ្ជាក់ផងដែរថា, ការបញ្ចេញប្រតិកម្មរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅលើឧត្តមសេនីយ៍យោធាវៀតណាមម្នាក់ ការពារនៅព្រំដែន គឺសម្ដេចមិនសំដៅទៅលើប្រទេសវៀតណាមឡើយ សំដៅទៅលើបុគ្គលនោះតែម្ដង។ 

តាមរយៈសារមួយនេះ ធ្វើឲ្យមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស គាំទ្រចំពោះសម្ដេចដែលបានគិតគូអំពីសុខមាលភាពរបស់ជនរួមជាតិលើការចាក់វ៉ាក់សាំង ឈានដល់បើកប្រទេសឡើងវិញ។ 

នៅកម្ពុជាតាមតួលេខដែលចេញដោយក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៥ ខែឆ្នូ ឆ្នាំ២០២១

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,០៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៦២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ៩០,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,៥៦% ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖