ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងយប់តែមួយបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ស្រាល៣នាក់បង្កដោយរថយន្តបុកអ្នកថ្មើរជើង និងម៉ូតូបុកជាមួយម៉ាស៊ីនកិនស្រូវចល័តនៅស្រុករំដួលនិងស្រុកកំពង់រោទ៍។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៨និង២២នាទីយប់ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ ១៣ ស្ថិតក្នុងភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ដោយមានបុរសម្នាក់ឈ្មោះរស់ ស៊ីណា អាយុ៣៥ឆ្នាំ រស់នៅភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀងដែលគាត់ជាមនុស្សមានសតិមិនគ្រប់បានដើរថ្មើរជើងតែម្នាក់ឯង ពេលនោះស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណដែលបើកទិសដៅស្របគ្នាបានបុកជនរងគ្រោះយ៉ាងពេញទំហឹងបណ្ដាលឱ្យស្លាប់តែម្ដង។
បច្ចុប្បន្នអ្នកបើករថយន្តសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួនយកមកចាត់ការបន្តតាមច្បាប់។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៥ខែធ្នូឆ្នាំ២០២១ លើផ្លូវជាតិលេខ៣៣៤ស្ថិតក្នុងភូមិពោធិ៍ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយអ្នកបើកបរម៉ាស៊ីនកិនស្រូវមានឈ្មោះ ម៉ែនសង សុខិត អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងថ្នា ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង បានបើកពីទិសខាងកើតទៅទិសខាងលិច ហើយពេលនោះម៉ាស៊ីនបោកស្រូវចល័តបានខូច ធ្វើឱ្យអ្នកបើកបរឈប់ចតអែបចិញ្ចើមថ្នល់។ខណ:នោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកHonda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង១D-៦៩៥៣
ជិះគ្នា៣នាក់ បើកបរដោយឈ្មោះ ស្រី ប៊ុនថួន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះ អ៊ុំ សារិន ភេទស្រី អាយុ៣៣ឆ្នាំត្រូវជាប្រពន្ធ មុខរបរកម្មកររោងចក្រ និងឈ្មោះ សៅ រំដួល ភេទស្រី អាយុ៩ឆ្នាំ ត្រូវជាកូន មុខរបរសិស្សនិងឈ្មោះសៅ ម៉ាលីន ភេទស្រីអាយុ៦ឆ្នាំត្រូវជាកូន មុខរបរសិស្សអ្នកទាំង៤មានទីលំនៅភូមិព្រៃសង្កែ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ក៏បុកពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយម៉ាស៊ីនកិនស្រូវចល័តខូចឈប់ចតលើចិញ្ចើមផ្លូវគ្មានដាក់សញ្ញាសម្គាល់ទើបជួបករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង។
បច្ចុប្បន្ន វត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលខ្សែត្រដើម្បីដោះស្រាយតាមច្បាប់៕
ដោយ៖ យឹម សុថាន