ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី បានថ្លែងថា, សាររបស់ខ្ញុំ ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្តាលមួយរូបរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រជាថ្មីម្តងទៀត ដល់ប្រសាសន៏សម្តេចតេជោ ប្រធានគណបក្ស ក្នុងការគាំទ្រដល់បេក្ខភាពបងណែត ជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកមានប្រសាសន៍ថា, ក្នុងនាមជាសមាជិកមួយរូបនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខ្ញុំសូមប្រកាស គាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនាពេល អនាគត កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តម ហ៊ុន ម៉ាណែត ជាឥស្សរជនដ៏ឆ្នើម និងជាថ្នាក់ដឹកនាំវ័យក្មេងមួយរូបរបស់គណបក្ស ប្រជាជនកម្ពុជា និងប្រទេសកម្ពុជាដែលពោរពេញដោយចំណេះដឹង សមត្ថភាពពេញបរិបូរណ៍ និង ទេពកោសល្យខ្ពស់ រួមជាមួយអត្តចរិតប្រពៃ ព្រមជាមួយគុណធម៌ សីលធម៌ដ៏ល្អ ដែលតែងតែទទួលបាន ការគោរពស្រឡាញ់ពីមហាជន យុវជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុង រួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺពិតជាឥស្សរជនដែលស័ក្តិសមជាអនាគត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ ដើម្បីបន្តវេនដឹកនាំការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្តិនាមជាតិ និងជំរុញវឌ្ឍនភាពសង្គមលើគ្រប់វិស័យនាពេលអនាគត៕
ដោយ ៖ សុខ ខេមរា