ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលដល់ជនបង្គោលស្តីពី “វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មម៉ាស្សា” ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រោមអធិបតីភាព លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សរុបប្រមាណ ៨០នាក់។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ណេប សាមុត បានជម្រាបជូនអង្គសិក្ខាកាមថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីចូលរួមចំណែកមួយកម្រិតបន្ថែមចំពោះសិក្ខាកាមទាំងអស់ ពិសេស មន្ត្រីអនុវត្តផ្ទាល់នៅតាមគោលដៅរាជធានី ខេត្ត ដែលនឹងត្រូវដើរតួជាអ្នកអនុវត្តផង (ចុះធ្វើការវាយតម្លៃ) និងត្រូវក្លាយជាគ្រូបង្គោលសម្រាប់ការបណ្តុះបណ្តាលបន្ត ដល់ក្រុមការងារនៃគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ រាជធានីខេត្ត យោងតាមតម្រូវការអនុវត្តជាក់ស្តែង។ លោក បានជម្រាបជូនអង្គសិក្ខាកាមថា ក្នុងជំហានទី២ ក្រសួងទេសចរណ៍ បានដាក់ចេញបន្ថែមនូវវិធានសុវត្ថិភាពទេសចរណ៍ ចំនួន ០៤ ទៀត គឺ៖ (១). វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មបៀហ្គាឌិន (២). វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មខារ៉ាអូខេ (៣). វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មរង្គសាល និងឌីស្កូតែក និង (៤). វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មម៉ាស្សា ។
សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានដាក់ចេញនូវសេចក្តីជូនដំណឹងលេខ ៨៨២ សជណ.អគឧ ស្តីពីការអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល- ឌីស្កូតែក និងម៉ាស្សា ឡើងវិញ។ ប៉ុន្តែត្រូវអនុលោមនឹងលក្ខខណ្ឌចំនួន ០២គឺ៖
១. មិនមែនជាការអនុញ្ញាតឱ្យបើកដំណើរដោយស្វ័យប្រវត្តិនោះទេ មានន័យថា មុននឹងបើក រដ្ឋបាលរាជធានី ខេត្ត ត្រូវត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិរបស់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សា ឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវឱ្យម្ចាស់អាជីវក្មបំពេញកិច្ចសន្យាគោរពតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ។
២. ក្នុងដំណើរការអនុវត្ត ប្រសិនបើម្ចាស់អាជីវកម្មមិនអនុវត្តបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាតាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងអាជីវកម្មម៉ាស្សា រដ្ឋបាលរាជធានីខេត្តត្រូវចាត់វិធានការជាធរមាន៕
ដោយ ៖ សិលា