ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃអង្គារទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបមានចំនួន ១៨១,០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ជាក់ស្ដែងគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
-ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់
-រាជធានីភ្នំពេញ ២៩,៧៩២ នាក់
-ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់
-ខេត្តកំពត ១៧,៧៩៦ នាក់
-ខេត្តសៀមរាប ១៦,១៦០ នាក់
-ខេត្តបាត់ដំបង ៨,៤១៣ នាក់
ខេត្តកែប ៦,៥៦៧ នាក់
-ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់ ។
លោករដ្ឋមន្ត្រីទេសចរណ៍ បានបន្តថា តួលេខខាងលើ មានការកើនឡើងប្រមាណ ៤.៦៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុងទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកបុណ្យជាតិនានាក៏ដោយ។
សភាពការណ៍ជារួមពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឲ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕
ដោយ៖ស តារា