ព័ត៌មានទាន់ហេតុការណ៍៖

សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលថវិកាលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ បានជាង ១០ទ្រីលានរៀល កើនឡើង ២៥ភាគរយ…!

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នឹងត្រូវបិទបញ្ចប់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះ នៅតាមសាខាពន្ធដារ ក្រុង ស្រុក នៅក្នុងខេត្តព្រះសីហនុ     

     លោកប្រធានសាខាពន្ធដារ បានបញ្ជាក់ថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំ ឆ្នាំ២០២១ មានយានយន្តចំនួន ២០.០៩០គ្រឿង ប្រាក់ដែលប្រមូលបានលើការបង់ពន្ធមានចំនួន ១០ ២២០ ១៤០ ០០០ រៀល (ជាង១០ទ្រីលានរៀល) បើប្រៀបធៀបនឹងឆ្នាំ២០២០ មានយានយន្តចំនួន១៦ ២៥០គ្រឿង បានចូលបង់ពន្ធ និងប្រមូលថវិកាបានចំនួន ៨ ៨៩៦ ៥១០ ០០០ រៀល បើធ្វើការប្រៀបធៀបរយ: ពេលដូចគ្នាមានការកើនឡើង ចំនួន ៤០៥០គ្រឿង ស្មើនឹង ២៥ភាគរយ ។ ឆ្នាំ២០២១នេះ ម្ចាស់យានយន្តគ្រប់ប្រភេទបានចូលមកបង់ពន្ធលើមធ្យាបាយដឹកជញ្ជូនរបស់ខ្លូនមាន ការកើនឡើងជាងឆ្នាំកន្លងមក នេះដោយសារតែប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសកត្តាសុខសន្តិភាព ។ 

     លោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានបន្តឱ្យដឹងបន្ថែមទៀតថា ទោះបីពិភពលោកក៏ដូចជាប្រទេសកម្ពុជា ជួបនឹងវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាង ណាក៏ដោយ ក៏ប៉ុន្តែការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០២១នៅតែមានការកើនឡើងជាងឆ្នាំ២០២០ ហើយកត្តានៃការប្រមូលពន្ធមានការកើន ឡើងនោះ ដោយសារតែបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងអំពីកាតព្វកិច្ចបង់ពន្ធ ចូលមកបង់ពន្ធនៅតាមសាខាពន្ធដារ និងតាមធនាគារនានាដែលនៅជិតផ្ទះបានទាន់ពេលវេលា ពិសេសទៀតមន្ត្រីរបស់យើងបានបំពេញតួនាទីក្នុងការបំរើសេវាជូនអតិថិជនដោយការទទួលខុសត្រូវខ្ពស់ ។

     លោក សន ស៊ីផល បានថ្លែងអំណរគុណចំពោះលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានបង្កើតកម្មវិធី “GDT” Taxpayer App តាមទូរស័ព្ទដៃ ជូនអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការបង់ពន្ធបានឆាប់រហ័សចំណេញពេលវេលា និងមិនមានហានិភ័យការនៃឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយមន្ត្រីសាខាពន្ធដាររបស់យើងបានបំពេញឯកសារ និងនាំយកឯកសារជូនអតិថិជនដល់លំនៅដ្ឋានតែម្តងកាន់តែមានភាពងាយស្រួលនិងមានការជឿទុកចិត្ត។ ម្យ៉ាងទៀតការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២១ នៅសប្តាហ៍ទី៣ និងទី៤ នៃការបិទបញ្ចប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ មិនមានប្រជាពលរដ្ឋសម្រុកមកបង់ពន្ធមធ្យាបាយដឹកជញ្ជូននៅតាមសាខាក្រុង ស្រុក ខេត្តនិងតាមធនាគារដែលបានចុះអនុស្សរនៈនៃការយោគ យល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានដូចជា ធនាគារអេស៊ីលីដា . ធនាគារការណាឌីយ៉ា . ធនាគារវឌ្ឍនៈ .ធនាគារកម្ពុជាសាធារណៈ ធនាគារ ANZ រ៉ូយ៉ាល់ និងធនាគារ ABAជាដើម ។ 

       ក្នុងឱកាសនេះដែរលោកប្រធានសាខាពន្ធដារសាខាខេត្តព្រះសីហនុ បានឱ្យដឹងបន្ថែមទៀតថា នៅដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ មន្ត្រីសាខាពន្ធដារខេត្តសហការជាមួយគណៈបញ្ជាការឯកភាពក្រុង ស្រុក ខេត្ត និងចុះត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈក្នុងខេត្តព្រះ សីហនុ ដើម្បីត្រួតពិនិត្យលើមធ្យោ បាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលមិនបានបង់ពន្ធផ្លូវប្រចាំឆ្នាំ២០២១ ប្រសិន បើមន្ត្រីរបស់យើងរកឃើញរថយន្តណាមិនបានបង់ពន្ធផ្លូវប្រចាំ ឆ្នាំ២០២១ នឹងត្រូវធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន ៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖