ព័ត៌មានទាន់ហេតុការណ៍៖

លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបឈើអារជាច្រើនម៉ែត្រគូប និងទីតាំងរោងសិប្បកម្មកែច្នៃឈើមួយកន្លែង

ចែករំលែក៖

ខេត្តព្រះវិហារ : នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបឈើអារខុសច្បាប់ជាច្រើនម៉ែត្រគូបដែលជាប្រភេទឈើចម្រុះដូចជាឈើទាល ឈើត្រាច ឈើផ្ចឹក ដែលក្រុមឈ្មួញបានដឹកជញ្ជូនចេញពីព្រៃយកមកលាក់ទុកនៅចំណុចក្បែរមណ្ឌលសុខភាពត្បែងមានជ័យបម្រុងលោតឆត្រ តែត្រូវសមត្ថកិច្ចចុះបង្ក្រាបទាន់ពេល ដែលទីតាំងលាក់ឈើខុសច្បាប់នោះស្ថិតនៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានកម្លាំងសមត្ថកិច្ចសហការជាច្រើនចូលរួមបង្ក្រាប ដឹកនាំដោយលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងមានកម្លាំងសហការដូចជា លោកវង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ លោក សុង បញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ជាពិសេសមានការចូលរួមពីអាជ្ញាធរលោក សុខ មុន្នីរិទ្ឋ អភិបាលរងស្រុកត្បែងមានជ័យ កម្លាំងកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ។

ក្នុងការចុះបង្ក្រាបឈើឈ្មួញរកស៉ីខុសច្បាប់ខាងលើនេះ លោកនួន សុខុម ក៏បានបានឲ្យដឹងដែរថា លោកបានដឹកនាំនិងមានការសហការពីកម្លាំងស្រុកឆែបបន្ថែមលើការបង្ក្រាបនេះ ទើបឈានដល់បង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើអត់ច្បាប់មួយកន្លែងផ្សេងទៀត ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយរឹបអូសឈើប្រភេទលេខ១ បានសរុបចំនួន៥ម៉ែត្រគូបផងដែរ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

លោកបានបន្តថា ក្រោយពីមានបណ្តាញសម្ងាត់រាយការណ៍មកថា មានក្រុមឈ្មួញបានដឹកឈើយកមកលាក់នៅចំណុចខាងលើជាច្រើនម៉ែត្រគូប ទុកបម្រុងដឹកលក់បន្តនៅតាមបណ្តាខេត្តផ្សេងៗ ទើបរូបលោកបានដឹកនាំបញ្ជាកម្លាំងចម្រុះចុះដល់គោលដៅភ្លាមៗ ហើយពិនិត្យឃើញថាពិតជាមានឈើជាច្រើនម៉ែត្រគូបដែលឈ្មួញដឹកយកលាក់ទុកនៅចំណុចខាងលើប្រាកដមែន ហើយក៏ឈានដល់ការបង្ក្រាបរឹបអូសយកមករក្សាទុកដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកបញ្ជាក់ថា: ក្នុងការរកស៉ីកាប់អារច្រៀក ដឹកជញ្ជូនឈើពីសំណាក់ក្រុមមេឈ្មួញដែលគឃ្លើនល្មើសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិខាងលើនេះ លោកត្រូវតែបង្ក្រាបដូចភ្លៀងរលឹម មិនថាពេលវេលាណា ម៉ោងណានោះឡើយ។ កន្លងមកខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ តែងតែយកចិត្តទុកដាក់តាមដានរាល់សកម្មភាពក្រុមឈ្មួញរកស៉ីដឹកជញ្ជូនឈើខុសច្បាប់យកមកស្តុកទុកនិងត្រៀមដឹកចេញបន្តនេះ លោកមិនដែលធ្វេសប្រហែសម្តងណាឡើយ ហើយសកម្មភាពចុះបង្ក្រាបបទល្មើសព្រៃឈើនេះដែរ លោកនឹងទប់ស្កាត់បង្ក្រាបឱ្យខាងតែបាននៅទូទាំងខេត្ត ហើយលោកក៏ធ្លាប់បានបង្ក្រាបឈើល្មើសច្បាប់ ជាច្រើនលើកមកហើយដែរ។ ចំណែកវត្ថុតាងឈើជាច្រើនម៉ែត្រគូប ត្រូវបានរឹបអូសដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។ 

សូមបញ្ជាក់ថា បច្ចុប្បន្នឈើដែលបង្ក្រាបបានខាងលើនោះ ជំនាញនៅមិនទាន់រាប់និងវាស់វែងឲ្យដឹងចំនួនសរុបនៅឡើយនោះទេ៕

ដោយ៖ មាស សុផាត


ចែករំលែក៖