ព័ត៌មានទាន់ហេតុការណ៍៖

ឆេះហាងលក់ម៉ូតូក្នុងក្រុងកំពតទាំងព្រឹកបណ្តាលឱ្យខូចខាតម៉ូតូ៥៧គ្រឿងនិងរថយន្ត២គ្រឿង

ចែករំលែក៖

ខេត្តកំពត ៖ រថយន្តពីរគ្រឿងនិងម៉ូតូរាប់សិបគ្រឿងបានរងការខូចខាតដោយសារអគ្គិភ័យឆាបឆេះហាងលក់ម៉ូតូមួយកន្លែងស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។ ហេតុការណ៍នេះបានកើតឡើងនាព្រឹកព្រលឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ដែលការសន្និដ្ឋានបឋមបណ្តាលមកពីទុស្សេខ្សែភ្លើង។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៩ ខែធ្នូឆ្នាំ២០២១ មានករណីអគ្គិភ័យមួយបានកើតឡើងនៅហាងលក់ម៉ូតូយីហោ “ហុងដាលីប៉េង” ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

លោកស្នងការបន្តថា ភ្លើងបានរលត់ទៅវិញនៅម៉ោងជិត៨ព្រឹក បន្ទាប់ពីលោកបានដឹកនាំកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តចុះអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿងប្រើទឹកអស់៦ស៊ីទែន។

 លោកស្នងការបានបញ្ជាក់ថា ជាការសន្និដ្ឋានជំហានដំបូង ករណីនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ទោះមិនមាន សមាជិកគ្រួសារណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរក៏ពិតមែន តែហេតុការណ៍នេះបានបណ្តាលឱ្យខូចខាតម៉ូតូកំពុងដាក់តាំងលក់ចំនួន៥៧គ្រឿង រថយន្តឡិចស៊ីស៥៧០ ពណ៌ស មួយគ្រឿង និងរថយន្តម៉ាកហុងដាស៊ី.អ.វី(CRV) ផលិតឆ្នាំ២០១៨ មួយគ្រឿង។ 

យ៉ាងណាក៏ដោយ ក្រោយពីភ្លើងរលត់ភ្លាមៗ សមត្ថកិច្ចមិនទាន់ទទួលបានរបាយការណ៍ស្តីពីទំហំថវិកានៃការខាតបង់នៅឡើយទេ៕

ដោយ៖ សូរិយា


ចែករំលែក៖