ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយលោកតា លោកយាយ ដែលមានជីវភាពខ្វះខាត ចំនួន ៩៨៣ នាក់ ក្នុងស្រុកពញាឮ ។
មានមតិសំណេះសំណាលនាឱកាសនេះ លោករដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនលោកតា លោកយាយទូទាំងស្រុកពញាឮ ជាពិសេស លោកតា លោកយាយដែលអញ្ជើញមកទទួលអំណោយនាព្រឹកនេះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ សម្ដេច បានណែនាំឱ្យយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយ ជូនមនុស្សចាស់ ក្នុងស្ថានភាពអាកាសធាតុចុះត្រជាក់នារដូវរំហើយ ដែលអាចនឹងបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២២ ។
លោករដ្ឋមន្រ្តី និងក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ បានផ្តល់ជូនលោកតា លោកយាយដែលមានជីវភាពខ្វះខាតទូទាំងស្រុកពញាឮ ចំនួន ៩៨៣ នាក់ ដោយម្នាក់ៗទទួលបានភួយចំនួន ០១ និងថវិកាចំនួន ១០ ម៉ឺនរៀល និងដោយឃើញការលំបាករបស់លោកតា លោកយាយមួយចំនួនពិបាកក្នុងការធ្វើដំដំណើរលោកប្រធានក្រុមការងារក៏បានជួយឧបត្ថម្ភឈេីច្រត់មួយចំនួនសម្រាប់ពួកគាត់ផងដែរ ។ ជាមួយគ្នានេះ លោកប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើដល់លោកតា លោកយាយទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងបានណែនាំបន្ថែមដល់រដ្ឋបាលស្រុកពញាឮ ត្រូវតាមដានជាប់ជាប្រចាំ ពិសេសចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនទាំងអស់ក្នុងស្រុកពញាឮ ធ្វើយ៉ាងណាកុំឲ្យបងប្អូនយេីងស្លាប់ដោយសារខ្វះស្បៀងអាហារ ដោយយេីងមិនបានដឹង និងមិនបានជួយ ៕
ដោយ៖សុខ ខេមរា