ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយបន្ទាប់ពីប្រជាពលរដ្ឋប្រទះឃេីញសពទារកម្នាក់ក្នុងសភាពរុំកន្សែង ដាក់ក្នុងកេសក្រដាសប្លុងទុកចោល ក្រោមរូបសំណាកដំរី ខាងមុខវត្តជម្ពូវ័ន ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា កេសក្រដាសដាក់សព ត្រូវបានគេប្រទះឃើញតាំងពីព្រឹកព្រលឹមមកម្ល៉េះ មិនដឹងថាជនណាយកទៅដាក់បែបនេះ ខណៈដែលទីតាំងខាងលើ នៅពេលយប់ មានអ្នកលក់ដូរបន្លែច្រើន គិតស្មានថាជាកេសរបស់អ្នកលក់ដូរពេលយប់បន្សល់ទុក ទើបគ្មានអ្នកអើពើ ដោយរងចាំនិងឃើញពេញមួយព្រឹកទៅហើយ គ្មានអ្នកទៅយក ហើយក៏មិនដឹងថាក្នុងកេសមានអ្វី ស្រាប់តែនៅវេលាម៉ោងខាងលើ មានពលរដ្ឋគាត់ងឿងឆ្ងល់ ទៅបើកបង្ហើបមើល ស្រាប់តែប្រទះឃេីញក្នុងកេស មានសពកូនក្មេងទៅវិញ បង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យជាក់ស្តែង ។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅពិនិត្យ កោសល្យវិច័យ រួចយកទៅបូជានៅក្នុងវត្តជម្ពូវ័នតែម្តង៕
ដោយ៖សុខា សែនជ័យ