ភ្នំពេញ ៖ ម្ដាយក្មេងប្រុសរងគ្រោះម្នាក់បានយំបោកខ្លួនគួរឲ្យអាសូរ បន្ទាប់ពីទទួលព័ត៌មានថាកូនប្រុសរបស់គាត់បានលង់ទឹកស្លាប់នៅក្នុងស្រះវត្តស្ទឹងមានជ័យ កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃព្រហស្បតិ៍ទី៩ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចស្រះទឹកក្នុងវត្តស្ទឹងមានជ័យនៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឱ្យដឹងថា សពក្មេងប្រុសរងគ្រោះមានឈ្មោះ ផន ផលិន អាយុ១៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
បេីតាមសម្ដីស្ត្រីម្នាក់ត្រូវជាសាច់ញាតិក្មេងប្រុសរងគ្រោះបានឱ្យដឹងថា មុនពេលមុនពេលកើតហេតុគាត់បានដើររកក្មួយគាត់នៅចំណុចមុខស្រះទឹកវត្តស្ទឹងមានជ័យដែរតែរកមិនឃើញ ដោយឃើញតែក្មេងប្រុសពីរនាក់កំពុងអង្គុយលេងលេីកាំជណ្ដេីរស្រះទឹកខាងលេីប៉ុណ្ណោះ ។ ខណៈគាត់ត្រឡប់ទៅវិញបានមួយសន្ទុះ ស្រាប់តែមានក្មេងប្រុសម្នាក់ដែលគាត់ឃើញអង្គុយនៅស្រះទឹក បានរត់មកប្រាប់គាត់ថាមានមនុស្សលង់ទឹកលិចបាត់ហើយ ភ្លាមៗក៏បានបង្កការផ្អើលដល់ព្រះសង្ឃគង់ក្នុងវត្តស្ទឹងមានជ័យ បានចុះទៅជួយរាវរកហេីយឃេីញជនរងគ្រោះក៏ស្រង់មកដាក់លើគោក តែអកុសក្មេងប្រុសរងគ្រោះខាងលេីបានស្លាប់បាត់ទៅហើយ។
បេីតាមសម្ដីម្ដាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់នៅសិក្សាថ្នាក់ទី៥ តែគាត់រពិសណាស់ និងតែងតែដេីរលេងធ្វេីឲ្យគាត់ដេីររកជាច្រេីនដង ។ ខណៈនៅថ្ងៃកេីតហេតុស្រាប់តែមានគេមកប្រាប់ថា មានក្មេងប្រុសម្នាក់ជាកូនរបស់គាត់បានលង់ទឹកស្រះវត្តស្ទឹងមានជ័យស្លាប់បាត់ទៅហេីយ ដោយដំបូងគាត់មិនជឿទេ តែពេលគាត់មកដល់ទីតាំងកេីតហេតុទេីបដឹងថា កូនស្លាប់ពិតមែន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុនិងបានយកខ្សែពទ្ធ័ជុំវិញទីតាំងកន្លែងកើតហេតុ ដេីម្បីឲ្យសមត្ថកិច្ចជំនាញមកពិនិត្យធ្វើកោសល្យវិឆ័យ ។ បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យយ៉ាងម៉ត់ចត់ ទេីបបញ្ជាក់បានថា សពក្មេងប្រុសរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន រួចក៏ធ្វេីឯកសារប្រគល់សពឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ