ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំពងទឹក ស្រុករំដួល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសាជាថ្មីត្រូវរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ដោយត្រូវរួមគ្នាធ្វើអនាម័យឱ្យបានគ្រប់គ្នា អនុវត្ដនូវវិធានការ «៣ការពារ និង៣កុំ»របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល និងចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ បើទោះបីជាស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩និងអ្នកស្លាប់នៅក្នុងប្រទេសមានការថយចុះយ៉ាងណាក៏ដោយ។
ការថ្លែងអំពាវនាវរបស់លោក រស់ ផារិទ្ធ បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០២១ក្នុងការចុះជួបសំណេះសំណាលនិងសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងនាំយកសម្ភារថវិកាមួយចំនួនទៅចែកជូនដល់ក្រុមគ្រួសារចាស់ជរា និងមានជីវភាពខ្វះខាត ចំនួន៤០គ្រួសារ នៅក្នុងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។
លោក រស់ផារិទ្ធ បន្តថា ថ្ងៃនេះលោកបានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជាមនុស្សចាស់នារដូវរងាចូលមកដល់នៅឃុំពងទឹក ដោយអនុវត្តតាមអនុប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានជំរុញដល់អាជ្ញាធរ សូមឱ្យយកចិត្តទុកដាក់ជួយមនុស្សចាស់ក្នុងរដូវរងា ត្រូវបង្កលក្ខណៈឱ្យពួកគាត់មានភាពកក់ក្ដៅតាមរយៈនៃការផ្ដល់ជាភួយ អាវរងានៅក្នុងគ្រាដែលលំបាកនេះ។
លោក រស់ ផារិទ្ធ បានបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសជំងឺកូវីដ-១៩ ដែលកំពុងរាលដាលនៅក្នុងសហគមន៍ ហើយបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
មិនតែប៉ុណ្ណោះរដូវនេះ គឺជារដូវរំហើយអាកាសធាតុបានចុះត្រជាក់ខ្លាំង ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អប្រសើរ ចៀសវាងនាំឲ្យឈឺខាតបង់ថវិកា និងពេលវេលាផងដែរ។
សូមបញ្ជាក់ថានៅក្នុងពិធីនេះលោក រស់ ផារិទ្ធ ក៏បាននាំមកនូវអំណោយជូនប្រជាពលរដ្ឋចាស់ជរានិងមានជីវភាពខ្វះខាតចំនួន៤០គ្រួសារ ដូចជាក្រមា ភួយ អាវរងា ម៉ាស់ និងថវិកាចំនួន១មុឺនរៀល ដោយចំណាយទាំងអស់នៅក្នុងពិធី សរុបចំនួន៣លាន២សែនរៀលផងដែរ៕
ដោយ៖យឹម សុថាន