ក្រុម West Ham បានដាក់កីឡាករយុវជនឲ្យលេងក្នុងការប្រកួតបញ្ចប់យុទ្ធនាការវគ្គជម្រុះក្នុងពូល Europa League របស់ពួកគេដោយចាញ់ក្រុមភ្ញៀវ Dinamo Zagreb ក្នុងលទ្ធផល១ទល់០។
បើទោះបីជាចាញ់ក្នុងការប្រកួតនេះក៏ដោយក៏ក្រុមញញួរធំ West Hamបានឈ្នះក្នុងពូល H រួចហើយ ដោយទទួលបានកៅអីរបស់ពួកគេក្នុងវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតកាលពីខែមីនា ហើយជាលទ្ធផលគ្រូបង្វឹកលោក David Moyes បានដាក់ឈ្មោះកីឡាករជម្រើសដំបូង រួមទាំងកីឡាករ៥នាក់ដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ។
ការប្រកួតបានចាប់ផ្តើមបានតែ៣នាទីប៉ុណ្ណោះ កីឡាករ Mislav Orsicរបស់ក្រុម Dinamo Zagreb បានស៊ុតបញ្ចូលទីទៅលើក្រុម West Ham ដែលជាគ្រាប់ជ័យជម្នះ ហើយលទ្ធផល១ទល់០នេះបានរក្សារហូតដល់ចប់ការប្រកួត។
ជ័យជម្នះរបស់ក្រុម Dinamo Zagreb នេះធ្វើឲ្យពួកគេឈរចំណាត់ថ្នាក់លេខ២ ក្នុងពូល មានឱកាសឡើងទៅកាន់វគ្គ Play-off ជាមួយក្រុមជាប់លេខ៣មកពី Champions League ផងដែរ។
ក្រោយចប់ការប្រកួតគ្រូបង្វឹកក្រុម West Ham លោក Moyes បាននិយាយថា “ខ្ញុំជាអ្នកឈ្នះ ហើយខកចិត្តដែលយើងមិនបានទទួលបានអ្វីមួយចេញពីការប្រកួត។ ខ្ញុំគិតថាកីឡាករក្មេងៗពិតជាធ្វើបានល្អ ហើយនៅតែសម្រុកបន្ទាប់ពីចាញ់គ្រាប់ដំបូង។ ខ្ញុំតែងតែរីករាយក្នុងការផ្តល់ឱកាសដល់កីឡាករក្មេងៗ ប៉ុន្តែពួកគេត្រូវតែរកបានសិទ្ធិក្នុងការលេង ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេធ្វើឱ្យយើងខកចិត្តនោះទេ ពួកគេធ្វើបានល្អណាស់”។
ចំណែកលោក Brendan Rodgers គ្រូបង្វឹកក្រុម Leicester City បាននិយាយថា គាត់មិនដឹងថាតើពានរង្វាន់ Europa Conference League ជាអ្វីទេបន្ទាប់ពីក្រុមរបស់គាត់ត្រូវបានធ្លាក់ទៅការប្រកួតក្នុងក្របខ័ណ្ឌនេះ បន្ទាប់ពីការចាញ់ក្រុម Napoli ៣ទល់២ នៅថ្ងៃបញ្ចប់វគ្គជម្រុះតាមពូលនៅ Europa League ដែលធ្វើឲ្យក្រុម Leicester City ឈរចំណាត់ថ្នាក់លេខ៣ក្នុងពូលC។
៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Napoli រកបានដោយកីឡាករ Ounas នៅនាទីទី៤, កីឡាករ Elmas នៅនាទីទី២៤ និងកីឡាករElmas ដដែលនៅនាទីទី៥៣។ ចំណែកក្រុមភ្ញៀវ Leicester City រកបាន២គ្រាប់ ដោយកីឡាករ Evans នៅនាទីទី២៧និងកីឡាករ Dewsbury-Hall រកបាននៅនាទីទី៣៣។
Leicester City បានធ្លាក់ចូលទៅក្នុងវគ្គ play-off នៃការប្រកួតបាល់ទាត់លំដាប់ទី៣របស់ក្លិបអឺរ៉ុបក្នុងខែកុម្ភៈខាងមុខ។ ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ហើយពួកគេនឹងប្រឈមមុខនឹងក្រុមជើងឯករងមកពីវគ្គចែកពូលនៃ Europa Conference League ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)