គ្រោះថ្នាក់ចរាចរណ៍ដីអាកក្រក់មួយបានកើតឡើងនៅក្នុងប្រទេសមីចស៊ីកូ សម្លាប់មនុស្ស ៤៩នាក់ និង៤០នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងទៅលើរថយន្តដឹកទំនិញធុនធំដឹកជនភៀសខ្លួនខុសច្បាប់។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១០ខែធ្នូបានដកស្រង់សម្តីមន្ត្រីរដ្ឋ Chiapas ប្រទេសម៉ិចស៊ីកូដែលបានឱ្យដឹងថា ជនរងគ្រោះជាជនភៀសខ្លួនមកពីតំបន់អាមេរិកកណ្តាល។ ក្រៅពីអ្នកស្លាប់ ៤៩នាក់ នៅមានមនុស្សជាង ៤០នាក់ទៀតរងរបួសធ្ងន់។
ឧបទ្ទវហេតុខាងលើបានកើតឡើង នៅពេលដែលរថយន្តកុងតឺន័រធំមួយគ្រឿង បានក្រឡាប់លើដងផ្លូវកោងដ៏គ្រោះថ្នាក់មួយ នៅឯជាយទីក្រុងធូសត្លា ហ្គូទែរែស (Tuxtla Gutierrez)។ ជនរងគ្រោះដែលបានបាត់បង់ជីវិត គឺរួមមានទាំងបុរស ស្រ្តី និងកុមារ។ មនុស្ស៥៨នាក់ទៀត ក៏បានទទួលរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នោះផងដែរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះ។
ជនចំណាកស្រុក ដែលព្យាយាមភៀសខ្លួនពីភាពក្រីក្រតោកយ៉ាក និងអំពើហិង្សានៅក្នុងតំបន់អាមេរិកកណ្តាល តែងតែធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិចស៉ីកូ ដើម្បីឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ហើយពេលខ្លះពួកគេសុខចិត្តប្រជ្រៀតគ្នានៅក្នុងរថយន្តដឹកទំនិញធំៗ ដែលរៀបចំដោយក្រុមអ្នកលួចឆ្លងដែនមនុស្ស ទោះបីត្រូវប្រឈមនឹងស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងក៏ដោយ៕ ដោយ៖ធីរីណា
រូបថត៖Reuters