ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ដោយបានការអញ្ជើញចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុប្រធានកិត្តិយសសាខា និងប្រធានអនុសាខាទាំង៧ស្រុក/ក្រុង និងមន្រ្តីសាខា សរុបចំនួន៣៤ ស្រី១០នាក់ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។
នាឱកាសនោះ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណ ដល់ សមាជិក សមាជិកា នៃអង្គប្រជុំដែលបានអញ្ជើញមកចូលរួមនាពេលនេះ និងបានកោតសរសើរដល់ថ្នាក់ដឹកនាំសាខា មន្ត្រីប្រតិបត្តិសាខា អនុសាខា ទាំងអស់ ដែលបានខិតខំបំពេញការងារអស់កម្លាំងកាយចិត្ត ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នៅក្នុងប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះ ដោយគ្រោះមហន្ត រាយផ្សេងៗ ។ ជាមួយគ្នានោះអង្គប្រជុំបានសម្រចសាងសង់ទីស្នាក់ការអនុសាខាក្រុងពោធិ៍សាត់ និងទីស្នាក់ការអនុសាខាស្រុកតាលោសែនជ័យ ផងដែរ។
សូមបញ្ជាក់ថា, កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តប្រគល់ជែលលាងដៃចំនួន ៧៤៩កេស (ស្មេីនឹង ១៤.៩៨០ដប) ជូនដល់ប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រៃវែង ក្នុងនោះប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងចំនួន ២២០កេស, អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១៣ ចំនួន ៦៥កេស, មន្ទីរពេទ្យបង្អែកក្រុង-ស្រុកទាំង១២ ចំនួន ១៤៤កេស និងវិទ្យាល័យទាំង៣២ ចំនួន ៣២០កេស។ ព្រៃវែង ជាខេត្តទី១០ ដែលទទួលបានអំណោយជែលលាងដៃពីកាកបាទក្រហមកម្ពុជា ហេីយដែលពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
កាកបាទក្រហមកម្ពុជា បានបំពេញបេសកកម្មមនុស្សធម៌ ទាំង២៥រាជធានី-ខេត្ត និងជួយផងដែរដល់ប្រទេសជិតខាង៕
ដោយ៖ សិលា