ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មាននិងសា្ថប័នសារព័ត៌មានទាំងអស់ដែលបានគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ចូលសហគមន៍បានទទួលជោគជ័យជាបន្តបន្ទាប់។ជាមួយគ្នានេះដែរ ទោះបីជាប្រឈមទៅនឹង គ្រោះថ្នាក់នៃការឆ្លងនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏បងប្អូនអ្នកសារព័ត៌មាននៅតែខិតខំពុះពាររាល់ឧបសគ្គ ប្រឈមនឹងគ្រោះថ្នាក់ និងជំនះរាល់ការលំបាកនានាបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានបានរហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋបានដឹងនិងស្វែងយល់អំពីសភាពការណ៍ ពិតនៅកម្ពុជា និងការវិវត្តនៃសភាពការណ៍សកលលោក ជាពិសេសបានធ្វើការផ្សព្វផ្សាយព័ត៌មានយ៉ាង ទូលំទូលាយ និងរហ័សទាន់ពេលវេលានូវវិធានការរបស់រដ្ឋាភិបាលនិងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំយ៉ាងមានប្រសិទ្ធភាព។
សម្តេចតេជោ បន្តថា, ជាមួយគ្នានេះដែរ ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់បងប្អូនអ្នកសារព័ត៌មាន និងស្ថាប័ន សារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និង ព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយពួកឱកាសនិយមមួយក្តាប់តូច ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា បំភ្លៃសភាពការណ៍ពិតធ្វើឱ្យមានការភាន់ច្រឡំនិងបំផុសមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង កូវីដ-១៩ ជាដើម។ សកម្មភាពទាំងនេះជាការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាដែលមិនអាច អត់ឱនឱ្យបាន ហើយត្រូវបានឆ្លើយតបបានទាន់ពេលវេលានិងមានប្រសិទ្ធភាពពីសំណាក់រាជរដ្ឋាភិបាល និងស្ថាប័នសារព័ត៌មានរបស់យើងដែលធ្វើឱ្យឧបាយកលបោកប្រាស់របស់ពួកគេត្រូវទទួលបរាជ័យជា បន្តបន្ទាប់ កិច្ចសហការដ៏ល្អនេះធ្វើឱ្យរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូរវាងរាជ រដ្ឋាភិបាលកម្ពុជាជាមួយស្ថាប័នព័ត៌មានដើម្បីរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិរបស់យើង។ សម្តេចថ្លែងបែបនេះ ក្នុងសាលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩ បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា, បងប្អូនអ្នកសារព័ត៌មាន និងស្ថាប័ន សារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និង ព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយពួកឱកាសនិយមមួយក្តាប់តូច ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា បំភ្លៃសភាពការណ៍ពិតធ្វើឱ្យមានការភាន់ច្រឡំនិងបំផុសមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង កូវីដ-១៩ ជាដើម គឺមានសារៈសំខាន់ណាស់ចំពោះជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ពិសេស មានក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមការណែនាំ របស់ក្រសួងព័ត៌មាន ក៏ដូចជាគោរពច្បាប់ប្រទេសជាតិ៕
ដោយ ៖ សុខ ខេមរា