ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកសារព័ត៌មាន ទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងមានសុចរិតភាពក្នុងការបំពេញភារកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ សូមអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងមានសុចរិតភាពក្នុងការបំពេញភារកិច្ច ជៀសវាងការបំពានច្បាប់និងវិជ្ជាជីវៈដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្លៃថ្នូរ កិត្យានុភាពសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តបានត្រឹមត្រូវតាមវិជ្ជាជីវៈ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបនេះ ក្នុងក្នុងសាលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩ បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេច ហ៊ុនសែន ថ្លែងបន្តថា, ទន្ទឹមនេះ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ចូលរួមឱ្យកាន់តែសកម្មថែម ទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការរបស់រាជ រដ្ឋាភិបាលនិងវិធានការរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ដោយអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ ” និងសូមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយ ព័ត៌មានពិតនិងធ្វើការបកស្រាយពន្យល់ដើម្បីបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់សភាពការណ៍។

សម្តេចតេជោ បានលើកឡើងថា, ជោគជ័យដ៏ធំធេងដែលកម្ពុជាសម្រេចបាននៅពេលនេះគឺដោយសាររាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យនិងមានការចូលរួមពី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ននិងភាគីពាក់ព័ន្ធដទៃទៀតដែលរហូតមកដល់ពេលនេះកម្ពុជា បាន ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួនជិត១៥លាននាក់ក្នុងចំណោមប្រជាជនជាង១៦លាននាក់ទោះបី មានការរបំផុសរារាំងពីក្រុមបក្សប្រឆាំងនិងពួកអគតិមួយចំនួនមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងក៏ដោយ ក៏ប្រជាពលរដ្ឋយើងបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងដ៏ច្រើនលើសលុបដែលធ្វើឱ្យកម្ពុជាទទួលបានចំណាត់ ថ្នាក់លេខ១នៅអាស៊ី និងលេខ៥នៅលើសកលលោកក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងគេ។ នេះដោយសារស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន បានជួយផ្សព្វផ្សាយពីការពិត នៃគោលការណ៍រាជរដ្ឋាភិបាល ជូនជ្រាបការពិតអោយព័ត៌មានដល់ប្រជាពលរដ្ឋបានដឹង ហើយចូលរួមដោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងបានទាន់ពេលវេលា និងច្រើនលើសលុប ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖