ព័ត៌មានទាន់ហេតុការណ៍៖

ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ប្រាប់ឱ្យក្លិបទាំងអស់ត្រឡប់ទៅរកវិធានការការពារ Covid-19ឡើងវិញ

ចែករំលែក៖

ក្របខ័ណ្ឌ Premier League ដែលជាលីគបាល់ទាត់កំពូលរបស់អង់គ្លេសបានប្រាប់ទៅក្លិបចំនួន២០របស់ខ្លួនឱ្យត្រឡប់ទៅរកវិធានការសង្គ្រោះបន្ទាន់ឡើងវិញ ក្រោមច្បាប់ការពារការរីករាលដាលវីរុសCovid-19 ថ្មីនៅក្នុងប្រទេស ។ ក្លិបដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ត្រូវបានបន្ធូរបន្ថយវិធានការមួយចំនួន ប៉ុន្តែឥឡូវនេះត្រូវតែដាក់កម្រិតឡើងវិញដើម្បីជួយកម្រិតការរីករាលដាលនៃជំងឺប្រភេទថ្មី Omicron ។

ការប្រកួតក្របខ័ណ្ឌ Premier League រវាងក្រុម Tottenham នឹងក្រុម Brighton កាលពីថ្ងៃអាទិត្យត្រូវបានពន្យារពេលបន្ទាប់ពីការផ្ទុះឡើងនៃ Covid-19 ទៅលើកីឡាករ និងបុគ្គលិកក្លិប Spurs ។ ចំណែកកីឡាករ Leicester មួយចំនួនមិនបានធ្វើដំណើរទៅកាន់ប្រទេសអុីតាលីសម្រាប់ការប្រកួតក្នុងពូល Europa League របស់ពួកគេជាមួយនឹងក្រុម Napoli កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែការធ្វើតេស្តវិជ្ជមាន Covid-19 ។

Premier League មិន​បានប្រកាស​ថា ​មិនមាន​ក្លិប​ណាមួយ​ដែល​អាច​បន្ធូរបន្ថយ​វិធានការ​នេះ​បាន​ទេ។ ពិធីសារក៏រួមបញ្ចូលផងដែរនូវការពាក់ម៉ាស់នៅក្នុងតំបន់ក្នុងផ្ទះ ការព្យាបាលដែលចំណាយពេលមិនលើសពី១៥នាទី និងបុគ្គលិកពេទ្យតម្រូវឱ្យពាក់អាវ PPE ពេញលេញនៅពេលមានទំនាក់ទំនងជាមួយកីឡាករ។

ការប្រកួត Europa Conference League របស់ក្រុម Tottenham ទល់នឹង Rennes កាលពីថ្ងៃព្រហស្បតិ៍ក៏ត្រូវបានផ្អាកផងដែរ បន្ទាប់ពីកីឡាករចំនួន៨នាក់ និងសមាជិកចំនួន៥នាក់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅក្លិប Tottenham នាទីក្រុងឡុង។ ជាមួយគ្នានោះក្លិបត្រូវបានបង្ខំឱ្យបិទមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រុមដំបូងរបស់ពួកគេកាលពីថ្ងៃពុធ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានប្រកាសថារដ្ឋាភិបាលកំពុងដាក់ចេញនូវវិធានការ “ផែនការ B” ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺប្រភេទថ្មី Omicron កាលពីថ្ងៃពុធ។ ច្បាប់ថ្មីរួមមានការធ្វើឱ្យអ្នកគាំទ្របង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងចំនួន២ដង ឬការធ្វើតេស្តអវិជ្ជមានដើម្បីចូលរួមព្រឹត្តិការណ៍កីឡាជាមួយនឹងហ្វូងមនុស្សច្រើនជាង១០,០០០នាក់នៅក្នុងប្រទេសអង់គ្លេស។ ក្លិបនៅ Premier League ទាំងអស់នឹងត្រូវអនុវត្តតាមវិធានការនេះចាប់ពីថ្ងៃព្រហស្បតិ៍ទៅ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖