ខេត្តបាត់ដំបង៖ ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង នៅថ្ងៃសៅរ៍ទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន សខេង ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពចំនួន១៨០គ្រួសារ មកពីចំនួន៦ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្រុមក្រឡាហោមមនុស្សធម៌ដែលបាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះ ដឹកនាំដោយ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោក ព្រួញ រិទ្ធថា ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត។
ពិធីផ្ដល់អំណោយសប្បុរសធម៌នេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ប៊ុន ហុន និងលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគាស់ក្រឡ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុកគាស់ក្រឡ សមាជិកក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
អំណោយដែលបានផ្ដល់ជូនរួមមាន ក្នុងមួយគ្រួសារទទួលបានអង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអុីវនិងទឹកត្រី១យួរ ទឹកសុទ្ធវីតាល់ដបធំ១កេស ព្រមទាំងម៉ាស់និងអាល់កុលមួយចំនួនទៀត។ ជាមួយគ្នានេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ក៏បានផ្ដល់ជូនរដ្ឋបាលស្រុក និងឃុំទាំង៦នៃស្រុកគាស់ក្រឡនូវម៉ាស់ និងអាល់កុលចំនួន១កេសផងដែរ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោក ខាន់ មាណេរ និងលោក ប៊ុន ហុន បានជម្រាបនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចក្រឡាហោម និងលោកស្រី ព្រមទាំងសេចក្ដីថ្លែងអំណរគុណជូនប្រជាពលរដ្ឋដែលបានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំប្រទេសជាតិប្រកបដោយសុខ សន្តិភាព និងការអភិវឌ្ឍ និងសូមបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីការឆ្លងជំងឺកូវីដ-១៩៕
ដោយ៖សហការី