ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែង

ចែករំលែក៖

     ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូលឿនជ្រុលទៅបុករថយន្តពីក្រោយ ចំណែករថយន្តបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលទៅ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងខាងមុខផែស្ងួតសូងួន ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

   សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ អាន ចំរើន អាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-4527 ។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញយុវជនរងគ្រោះខាងលើនេះបើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ តាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកដែលបើកស្របទិសគ្នានៅពីមុខ យ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ចំណែកឯរថយន្តបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលទៅ។

   បន្ទាប់ពីកើតហេតុ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍បានចុះមកដល់យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំក្រុមគ្រួសារមកទទួលយក។ ចំណែកសពដោយពុំឃើញមានសាច់ញាតិមកទទួលសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់ឱ្យរថយន្តសាមុយយកទៅតម្កល់ទុកនៅវត្តរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖