ខេត្តក្រចេះ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូខ្លួនឯងធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងរបួសធ្ងន់ម្នាក់ ខណៈបើកបរទិសដៅពីទិសខាងត្បូងទៅទិសខាងជើង ហើយមកដល់ចំណុចកើតហេតុបានបើកម៉ូតូធ្លាក់ផ្លូវចូលព្រៃ បាត់ម្ចាស់ការទៅបុកនឹងដើមឈើបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង១១៖៥០នាទី ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចទួលត្រាំង លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ជិះគ្នា២នាក់ក្នុងទិសដៅពីត្បូងទៅជើងដោយមានល្បឿនលឿនខ្វះម្ចាស់ការធ្វើឱ្យម៉ូតូធ្លាក់ផ្លូវចម្ងាយប្រមាណជាង៥០ម៉ែត្រ ក៏បានទៅបុកដើមឈើធ្វើឱ្យក្បាលម៉ូតូជាប់នឹងបង្គៀបដើមឈើទៅមុខលែងរួច រីឯអ្នកបើកបរបានបោកក្បាលទៅនឹងដើមឈើនោះប្រកាច់ស្លាប់ភ្លាមៗ ចំណែកអ្នកជិះខាងក្រោយបានច្រឡោតទៅបុកដើមឈើដូចគ្នាបែកក្បាលរងរបួសធ្ងន់។ ក្រោយហេតុការណ៍ទើបឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរគ្រៀង ចុះមកដល់ពិនិត្យសាកសព និងអ្នករងបួសហើយកំពុងស្រាវជ្រាវរកអត្តសញ្ញាណ។
ភ្លាមៗនោះសមត្ថកិច្ចនគបាលប៉ុស្តិ៍អូរគ្រៀង ក្រោយការពិនិត្យនិងស្រាវជ្រាវ រកអត្តសញ្ញាណជនរងគ្រោះទាំង២នាក់ខាងលើក៏បានឱ្យដឹងដែរថា ជនរងគ្រោះជិះម៉ូតូមានគ្នា២នាក់ ម្នាក់ស្លាប់មានឈ្មោះហាប់ យ៉ា ភេទប្រុស កើតនៅឆ្នាំ១៩៥២ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សង្ស័យជាអ្នកបើកបរ។
ចំណែកជនរងគ្រោះម្នាក់ទៀតរងបួសធ្ងន់មានឈ្មោះស៊ុះ ភេទប្រុស អាយុ ប្រហែលជាង៥០ឆ្នាំ រស់នៅភ្នំខៀវ ភូមិអរ
កណ្តៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ជនរងគ្រោះទាំង២ធ្វើដំណើរពីត្បូងទៅជើង ក្នុងទិសដៅទៅភ្នំខៀវ ពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរខ្វះការប្រុងប្រយ័ត្នក៏បានធ្លាក់ផ្លូវទៅបុកនឹងដើមឈើគាបជាប់ទើបបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ការសន្និដ្ឋានរបស់សមត្ថកិច្ច អ្នកបើកបរជិះម៉ូតូឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខព្រៃវែង.1J.3301. ពាក់មួកសុវត្ថិភាពការពារទាំងពីរនាក់។ មូលហេតុបង្កគ្រោះថ្នាក់មកពីអ្នកបើកបរក្នុងល្បឿនលឿន ខ្វះម្ចាស់ការ គ្មានការប្រុងប្រយ័ត្ន។
ខណ:អ្នករងរបួសកំពុងតែរវើរវាយ ដង្ហោយហៅរកអ្នកជួយសង្គ្រោះ។ ចំណែកសាច់ញាតិសមត្ថកិច្ចកំពុងទាក់ទងតាមលេខទូរស័ព្ទ ជនរងគ្រោះទាំង២ ដែលបន្សល់ទុកជាប់ខ្លួន៕
ដោយ៖មាស សុផាត