ខេត្តបាត់ដំបង៖ បេីយោងតាមការបញ្ជាក់ពីអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានថ្លែងឱ្យដឹងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះថា៖ ប្រជាពលរដ្ឋជាង ៥០០គ្រួសារ រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បាភ្ញាក់រលឹកនាំគ្នាប្រគល់ដីព្រៃលិចទឹកតំបន់ ៣ ជូនរដ្ឋវិញ។
ជាក់ស្ដែងលោកអភិបាលស្រុកឯកភ្នំ បានថ្លែងយ៉ាងដូច្នេះថា៖ រហូតមកដល់ចុងសប្តាហ៍ កន្លងមកនេះ ប្រជាពលរដ្ឋចំនួន ៤ភូមិ ដែលមានជាប់ ពាក់ព័ន្ធប្រើប្រាស់ និងអាស្រ័យផល លើផ្ទៃដីព្រៃលិចទឹក តំបន់ ៣ កើនដល់ចំនួន ៥២៨ គ្រួសារហើយ ដែលពួកគាត់ បានស្ម័គ្រចិត្ត និងចូលសារភាព ប្រគល់ដីតំបន់ហាមឃាត់ ខាងលើ ជូនមកដល់រដ្ឋវិញ តាមរយៈរដ្ឋបាលស្រុក។
សូមជម្រាបថា មន្ត្រីរដ្ឋបាលស្រុក សហការជាមួយក្រុមការងារជំនាញ គិតត្រឹមថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១ បានចុះកំណត់អត្តសញ្ញាណ ជនដែលទន្ទ្រានកាន់កាប់ ដីព្រៃលិចទឹកតំបន់ ៣ នៅក្នុងភូមិសាស្ត្រ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាលទ្ធផល ប្រជាពលរដ្ឋ មកដាក់ពាក្យសារភាព និងប្រគល់ដី ជូនរដ្ឋវិញ មានចំនួន ៨៦ គ្រួសារ ស្មើក្បាលដីសរុប ចំនួន ៩៧ ក្បាលដី។
គួរបញ្ជាក់ថា ដែនព្រៃលិចទឹកបឹងទន្លេសាប តំបន់ ៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានផ្ទៃដីសរុបចំនួន ២០៦.៩៥៣ ហិកតា ក្នុងចំណោមនេះ ផ្ទៃដីដែលជនខិលខូច ចូលទន្ទ្រាន ជាកម្មសិទ្ធិ ខុសច្បាប់ មានចំនួន ២៩ ទីតាំង ស្មើនឹងផ្ទៃដីប្រមាណជា ១២.២២១ ហិកតា ក្នុងនោះ ប្រជាពលរដ្ឋ ដែលប៉ះពាល់ ចូលទន្ទ្រានកាន់កាប់ មានចំនួន ២.៥១៤ គ្រួសារ ត្រង់ភូមិសាស្ត្រ ឃុំចំនួន ១៧ របស់ស្រុក ៤ មាន៖ គឺស្រុកមោងឫស្សី ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង៕
ដោយ៖ សហការី