ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានបុរសម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយរវាងម៉ូតូនិងម៉ូតូ ម៉ូតូបុករថយន្តបញ្រ្ចាសគ្នានៅស្រុកស្វាយជ្រំនិងស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាល បានឱ្យដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១២ខែធ្នូឆ្នាំ២០២១ ស្ថិតនៅលេីផ្លូវលេខ៣១៥ក្នុងភូមិអំពៅព្រៃ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងមានម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១GI.១៨៤១ ស៊េរីឆ្នាំ២០១៧ បេីកបរដោយឈ្មោះ វណ្ណា លុច ភេទប្រុសអាយុ២៧ឆ្នាំមុខរបរកសិករនិងអ្នករួមដំណេីរឈ្មោះ សុក ស្រីពៅ ភេទស្រីអាយុ២៦ឆ្នាំមុខរបរកសិកររស់នៅភូមិចិន្សា ឃុំដូនស ស្រុកស្វាយជ្រំខេត្តស្វាយរៀងខណៈនោះស្រាប់តែមាន ម៉ូតូ មួយគ្រឿងម៉ាកហុងដាC១២៥ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល១F.៤០៩៦បេីកបរដោយឈ្មោះមុំ សុក ភេទស្រីអាយុ៥៤ឆ្នាំមុខរបរ កសិកររស់ នៅភូមិអំពៅព្រៃ ឃុំធ្លក ស្រុកស្វាយជ្រំខេត្តស្វាយរៀងដោយបេីកបរមិនគោរពសិទ្ធអាទិភាពបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសទាំងសងខាងត្រូវបានបញ្ជូនមក សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លកដើម្បីដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់។

ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ខែ ធ្នូ ឆ្នាំ២០២១ នៅលើផ្លូវលេខ ១៣ ស្ថិតនៅក្នុងភូមិត្រពាំងគ្រួសឃុំជ្រុងពពេលស្រុករំដួលខេត្តស្វាយរៀងមានបុរសឈ្មោះ ក្រាញ់ វិបុល អាយុ ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងបន្ទាយឃុំអណ្តូងពោធិ៍ ស្រុករមាសហែកខេត្តស្វាយរៀងបាន ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាC១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១N.៦៦១១ធ្វើដំណើរពីត្បូងទៅជើងមកដល់កន្លែងកើតហេតុ ក៏បានវ៉ារថយន្តដឹកទំនិញមួយគ្រឿងមិនស្គាល់អត្តសញ្ញាណក្នុងទិសដៅបញ្រ្ចាសគ្នាក៏ជ្រុលចង្កូតមកបុករថយន្តមួយគ្រឿងផ្សេងទៀតម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម២A.៦៩៣៦ អ្នកបើកបរមិនស្គាល់ឈ្មោះដោយធ្វើដំណើរពីទិសខាងជើងទៅត្បូងយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូដួលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ដោយសារតែអ្នកបើកបរម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយតាមច្បាប់ ៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖