ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន ជាការសម្រួចគុណផលឆ្ពោះទៅស៊ីហ្គេម ២លើក ចំពោះមុខ

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៥ ឆ្នាំ២០២១ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលាបឋមសិក្សាសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បន្ទាប់ពីដំណើរការប្រកួតដោយរលូនអស់រយៈពេល៦ថ្ងៃ ដោយព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ គឺជាការសម្រួចគុណផលកីឡា ឆ្ពោះទៅចូលរួមការប្រកួត ស៊ីហ្គេមគោលដៅ ២លើកចំពោះមុខ។ នេះបើយោងតាមផេក ( Cambodia 2023 ) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ និងពានរង្វាន់ លោកបណ្ឌិត ថោង ខុន ឆ្នាំនេះ គឺជាគោលបំណងចម្បង ក្នុងការសម្រួចគុណផលកីឡាកាយសម្ព័ន្ធ ឆ្ពោះទៅចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលពិសេស គឺផ្នែកកាយសម្ព័ន្ធអាអេរ៉ូប៊ិក ត្រូវបានផ្តោតសំខាន់ខ្លាំង សម្រាប់ឆ្ពោះទៅប្រកួតស៊ីហ្គេម ឆ្នាំ២០២២ ឲ្យមានលទ្ធផលដ៏គាប់ប្រសើរ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាព សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។ ដើម្បីត្រៀមស៊ីហ្គេមគោលដៅ ២លើក ចំពោះមុខនេះ ក្រុមជម្រើសជាតិកាយសម្ព័ន្ធនឹងត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសចិនផងដែរ។

លោកបន្ថែមថា ព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន ឆ្នាំនេះ មានភាពល្អប្រសើរច្រើន លើផ្នែកវិញ្ញាសាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក មិនថមថយគុណភាពបច្ចេកទេនោះទេ ខណៈប្រភេទវិញ្ញាសាកាយសម្ព័ន្ធអាទីស្ទីក មានមួយចំនួនមិនទាន់មានលក្ខណៈពេញលេញ ដោយសារការហ្វឹកហាត់ក្នុងបរិបទកូវិដ-១៩ មិនបានពេញលេញល្អ និងខ្វះខាតសម្ភារជាដើម។

តំណាង លោកប្រធានសហព័ន្ធរូបនេះ បន្ថែមទៀតថា បើទោះបីជាព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅក្លិបកីឡាសាលាលេខ៥ក៏ពិតមែន ប៉ុន្តែការវាយតម្លៃលើការរៀបចំ និងបច្ចេកទេស អាចទទួលយកបាន។ «តាមរយៈការប្រកួតដ៏ធំប្រចាំឆ្នាំនេះ គឺក្រុមជម្រើសជាតិ នៅតែមានគុណផលល្អ ដោយសារឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញឲ្យបន្តការហ្វឹកហាត់បិទខ្ទប់ ហើយខ្ញុំក្នុងនាមជាអ្នកអនុវត្តបច្ចេកទេស ខ្ញុំអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមប្រធាន ដែលធ្វើឲ្យកីឡាករ កីឡាការិនីជម្រើសជាតិ នៅតែមានភាពមោះមុតលើផ្នែកបច្ចេកទេសកម្រិតខ្ពស់ដដែល»។

ជាមួយគ្នានោះ ក្នុងនាមមហាគ្រួសារកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បង្ហាញនូវក្តីរីករាយយ៉ាងខ្លាំង ដែលព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានបញ្ចប់ដោយរលូន និងជោគជ័យ ក្នុងបរិបទថ្មី គន្លងថ្មី ដែលធ្វើឲ្យគ្រប់វិស័យ រួមទាំងវិស័យកីឡាផង អាចបន្តដំណើរអភិវឌ្ឍន៍ឡើងវិញ ក្រោមការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្របពេលដែលផ្នែកជំនាញរបស់កីឡាកាយសម្ព័ន្ធកម្ពុជា ក៏ទទួលបានការឧបត្ថម្ភគាំទ្រ សម្ភារហ្វឹកហាត់ ពីបណ្តាប្រទេសជាមិត្ត ដូចជាជប៉ុន រុស្ស៊ី ចិន ដែលឯកឧត្តមបណ្ឌិត ថោង ខុន និងលោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធ តែងតែប្រឹងប្រែងអភិវឌ្ឍប្រភេទកីឡាកាយសម្ព័ន្ធ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺគោលដៅធំនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាតែម្តង។

សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញលើគ្រប់វិញ្ញាសា គណៈកម្មការបច្ចេកទេស សម្រិតសម្រាំងបានលទ្ធផលបច្ចេកទេសលើកវិញ្ញាសាកាយសម្ព័ន្ធអាទីស្ទីក ៦វិញ្ញាសា និងកាយសម្ព័ន្ធអាអេរ៉ូប៊ិកសរុប ៥វិញ្ញាសា គឺក្លិបកាយសម្ព័ន្ធក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាស ៤, លេខ២ ខេត្តក្រចេះ មេដាយមាស ៣, ខេត្តកំពង់ឆ្នាំង មេដាយមាស ៣ និងខេត្តតាកែវ មេដាយមាស ១។ ក្រៅពីនេះ ក៏មានជ័យលាភីលេខ២ និងលេខ៣ អមលើវិញ្ញាសាសរុបទាំង ១១នេះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖