ភ្នំពេញ ៖ សារលិខិតគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឬក្ស ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងឈានចូល នាថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ យើងខ្ញុំ ទាំងអស់គ្នា ជាប្រធាន សមាជិក សមាជិកា នៃក្រុមមេធាវីរាជរដ្ឋាភិបាល ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សូមសម្ដែងនូវសេចក្តី រីករាយ អំណរសាទរ ប្រកបដោយមនោសញ្ចេតនាគោរពដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទ ក្រហមកម្ពុជា ។
ក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យ បួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយ ក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយ ថែរក្សាការពារ និង អភិបាលប្រោះព្រំជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុស ចៅស្រីជាទីស្រលាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវការគោរពកោតស្ញប់ស្ញែង ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំ បេសកកម្មមនុស្សធម៌ រួមចំណែកសង្គ្រោះ ដោះស្រាយទុក្ខលំបាក លើកកម្ពស់ជីវភាពប្រជាជន ជាពិសេស សម្តេច គឺជាឥស្សរជន ជាន់ខ្ពស់ ជាមាតាមនុស្សធម៌ពោរពេញដោយសមត្ថភាព ព្រហ្មវិហារធម៌ និងចរិយាធម៌ សម្រាប់ជាគំរូដ៏ល្អបំផុត នៃប្រជាជនកម្ពុជា ។
ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏សូមគោរពថ្លែងនូវការដឹងគុណជាពិសេសចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហាសនាបតីតជោ ដែលបានគិតគូប្រកបដោយមនសិការសប្បុរស ដោយបានផ្តួចផ្តើមបង្កើតឲ្យមាន ក្រុមមេធាវីស្ម័គ្រចិត្ត និងបានលះបង់ថវិកាផ្ទាល់ខ្លួន សម្រាប់ជាមធ្យោបាយក្នុងការធ្វើប្រតិបត្តិការការពារក្ដីជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ ខ្វះការការពារ សិទ្ធិតាមផ្លូវច្បាប់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។
សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវការគោរព អភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ និងដោយភក្តីភាពដ៏ស្មោះស្ម័គ្របំផុត អំពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ ៖ សុខ ខេមរា