អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jalina Porter នៅថ្ងៃទី១៣ខែធ្នូបានបញ្ជាក់ថា អាមេរិកមិនអនុវត្តគោលនយោបាយចងគំនុំជាមួយកូរ៉េខាងជើងឡើយដោយបន្តពិភាក្សាជាមួយកូរ៉េខាងជើងដើម្បីដោះស្រាយវិវាទ។ នៅពេលនេះអាមេរិកកំពុងតែរង់ចាំមើលការឆ្លើយតបពីទីក្រុងព្យុងយ៉ាង ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត លោកស្រី Jalina Porter បានបញ្ជាក់ថា អាមេរិកបានត្រៀមលក្ខណៈសម្រាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដោយមិនមានលក្ខខណ្ឌណាមួយនោះឡើយ។
លោកស្រីបញ្ជាក់ទៀតថា «យើងបានសន្យាជំរុញសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ តាមរយៈកិច្ចពិភាក្សា ។ ដើម្បីសម្រេចបានគោលដៅនេះ អាមេរិកចាំបាច់ត្រូវតែចូលកៀកកូរ៉េខាងជើងទើបអាចធានាដល់សន្តិសុខដល់សម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់»។
ការប្រកាសខាងលើរបស់អាមេរិក ក្រោយពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន ប្រកាសថា អាមេរិក ចិន និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាទៅលើមូលដ្ឋានដើម្បីចេញសេចក្តីប្រកាសសន្តិភាព បញ្ចប់សង្គ្រាម ។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានកិច្ចពិភាក្សាដោយផ្ទាល់ណាមួយនោះឡើយ ហើយកូរ៉េខាងជើងបានស្នើឱ្យអាមេរិកបោះបង់នយោបាយចងគំនុំជាមួយទីក្រុងព្យុងយ៉ាង។
បច្ចុប្បន្នកូរ៉េទាំងពីរស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមនៅឡើយទេ ដោយសង្គ្រាមនៅឆ្នាំ១៩៥០ ហើយបញ្ចប់ទៅនៅឆ្នាំ១៩៥៣ តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់មិនមែនសន្ធិសញ្ញាសន្តិភាពនោះឡើយ៕ ដោយ៖ធីរីណា
រូបថត៖Facebook/TTXVN
ប្រភពរូប៖ Nikkei Asia