ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧និង៤៥នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខផ្ទះលេខ៤៦H ផ្លូវលេខ៣២៨ ក្រុមទី២៣ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ។
មន្ត្រីនគរបាលអោយដឹងថា ជនសង្ស័យ២នាក់៖
១-ឈ្មោះ អុឹង សុវណ្ណខេមរា ហៅ មាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរ៖ មិនពិតប្រាកដ (ប្រើប្រាស់ថ្នាំញៀន)
២-ឈ្មោះ សម្បត្ដិ បូរី ហៅបូរី ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចាក់ជ្រូក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរ៖ លក់ដូរ (ប្រើប្រាស់ថ្នាំញៀន)។
រីឯវត្ថុតាងសមត្ថកិច្ចចាប់បានរួមមាន ៖
១-ម៉ូតូ០១គ្រឿងម៉ាកHonda Dream C125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1IX 7353 លេខតួ+លេខម៉ាសុីន E-6033181 (របស់ជនសង្ស័យ)។
២-ទូរស័ព្ទ០១គ្រឿងម៉ាកIphone 12 pro Max ពណ៌ខៀវ លេខសុីម ០៨៨ ៥០៧៧៧៨៨ (របស់ជនរងគ្រោះ)។ ចំពោះទូរស័ព្ទដៃខាងលើជារបស់ជនរងគ្រោះ ដែលសមត្ថកិច្ចយើងចាប់យកពីជនសង្ស័យបានប្រគល់ឲ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ ដោយបានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ។
រីឯជនរងគ្រោះមានឈ្មោះ ជា លីឃាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ២០៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក មុខរបរ៖ មេការសំណង់ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៤និង៥០នាទី ជនសង្ស័យខាងលើ រួមនិងបក្ខពួក ចេញពីផឹកសុីនៅក្លឹប១កន្លែងនៅម្ដុំផ្លូវ២០០៤ ដោយជិះម៉ូតូ០១គ្រឿងម៉ាកHonda Dream C125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1IX 7353 ។ ពេលជិះម៉ូតូមកដល់ចំណុចមុខផ្ទះលេខ៤៦H ផ្លូវលេខ៣២៨ ក្រុមទី២៣ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) ក៏ឃើញជនរងគ្រោះកំពុងជិះម៉ូតូដោយដៃខាងឆ្វេងកាន់ទូរស័ព្ទ០១គ្រឿងម៉ាកខាងលើ ។ ពេលនោះពួកក្រុមជនសង្ស័យបានបើកម៉ូតូអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យអង្គុយខាងក្រោយធ្វើសកម្មភាពលូកដៃស្ដាំឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច ។ ភ្លាមនោះជនរងគ្រោះជិះម៉ូតូដេញតាមស្រែកចោរៗ ស្របពេលសមត្ថកិច្ចយើងល្បាត ធ្វើការអន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាងនាំមកកាន់ទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ដើម្បីសាកសួរតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ៖ សូរិយា