ក្រុមមេឃខៀវ Manchester City បានបំបាក់ក្រុមភ្ញៀវ Leeds United ក្នុងលទ្ធផល៧ទល់០ ជាមួយនឹងក្រុមប្រយុទ្ធដើម្បីបង្កើនការនាំមុខរបស់ពួកគេនៅកំពូលតារាង Premier League ដល់ទៅ៤ពិន្ទុ។ ក្រុមការពារតំណែងជើងឯកមានភាពអស្ចារ្យបំផុត ខណៈដែលពួកគេបានដណ្តើមបានជ័យជម្នះដ៏ធំបំផុតរបស់ពួកគេក្នុងរដូវកាលនេះ ហើយបានបន្តនាំមុខលើក្រុម Liverpool និង Chelsea ដែលក្រុមទាំង២នេះនឹងប្រកួតនៅថ្ងៃព្រហស្បតិ៍។
ការពិតក្រុម Man City អាចរកគ្រាប់បាល់បានច្រើនជាង៧គ្រាប់ជាមួយនឹងទម្រង់លេងយ៉ាងល្អ ប៉ុន្តែត្រូវបានរារាំងដោយខ្សែការពាររបស់ក្រុមភ្ញៀវ Leeds។ នៅនាទីទី៨ ខ្សែប្រយុទ្ធ Phil Foden បានបើកការស៊ុតបញ្ចូលទីបើកឆាកមួយគ្រាប់ ហើយគ្រាប់បាល់របស់កីឡាកររូបនេះគឺជាគ្រាប់ទី៥០០របស់ Man City នៅ Premier League ក្នុង២០៧ ប្រកួតក្រោមការដឹកនាំរបស់លោក Pep Guardiola ដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក្លាយជាអ្នកចាត់ការដែលដឹកនាំក្រុមរកបានគ្រាប់បាល់លឿនបំផុតដើម្បីឈានដល់ចំណុចនេះ ដែលល្អជាងគ្រូបង្វឹក Liverpool លោក Jurgen Klopp ដឹកនាំបាន២៣៤ប្រកួត។
គ្រាប់បាល់ទី២រកបានដោយកីឡាករ Jack Grealish តែតបាល់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនបាល់ដោយកីឡាករ Riyad Mahrez នៅនាទីទី១៣។ ក្រុម Man City មិនបានបញ្ឈប់ការនាំមុខនោះទេ ដោយខ្សែបម្រើKevin de Bruyne រកបានគ្រាប់ទី៣នៅនាទីទី៣២។
ចូលដល់ការប្រកួតក្នុងតង់ទី២កីឡាករ Riyad Mahrez របស់ Man City រកបានគ្រាប់បាល់ទី៤ នៅនាទីទី៤៩ ហើយ De Bruyne រកបាន១គ្រាប់ទៀតដែលជាគ្រាប់បាល់ទី៥ ពីការស៊ុតពីចម្ងាយយ៉ាងល្អនៅនាទីទី៦៤។នៅនាទីទី៧៤កីឡាករ John Stones បានរកគ្រាប់បាល់ទី៦ឲ្យ Man City ខណៈដែលគ្រាប់បាល់ទី៧ រកបានដោយកីឡាករ Nathan Ake នៅនាទីទី៧៨ ពីការតែតបាល់បញ្ចូលទី។
លទ្ធផលនេះធ្វើឲ្យក្រុមការពារតំណែងជើងឯក Man City នៅតែបន្តឈរចំណាត់ថ្នាក់លេខ១ក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះ ដោយមាន៤១ពិន្ទុ ក្នុង១៧ប្រកួត ខណៈដែលក្រុម Leeds ក្រោយពីចាញ់ការប្រកួតនេះបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៦ មាន១៦ពិន្ទុក្នុង១៧ប្រកួតដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)