ភ្នំពេញ៖ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានលើកឡើងថា សហព័ន្ធនឹងយកឱកាសនៃការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ នាថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២២ គឺជាទីលានប្រកួតប្រជែងជំនាញកម្រិតខ្ពស់ ទាំងកង់គួក និងកង់ភ្នំពេញ ដើម្បីត្រៀមឆ្ពោះទៅគោលដៅ ស៊ីហ្គេម ២លើកចំពោះមុខ។ នេះបើយោងតាម រូបភាពឯកសារប្រកួតជើងឯកថ្នាក់ជាតិឆ្នាំមុន តាមរយៈផេកផ្លូវការ របស់ ( Cambodia 2023) CAMSOC ជាមួយពាក្យស្លោក#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺយើងបើកទូលាយសម្រាប់កីឡាករ កីឡាការិនី ទាំងប្រភេទកង់គួក និងកង់ភ្នំ ដែលពីរប្រភេទនេះ គឺជាការប្រកួតជំនាញ កម្រិតខ្ពស់ ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិផង និងផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីមកពីបណ្តាក្លិប-សមាគមទូទាំងប្រទេស បានបញ្ចេញសមត្ថភាពផង។
«នេះជាផែនការគោលដៅរបស់សហព័ន្ធ ក្នុងការសម្រិតសម្រាំងកីឡាករ កីឡាការិនិ ដែលមានសិទ្ធផលខ្ពស់ៗ ដើម្បីត្រៀមហ្វឹកហាត់បន្ថែម ត្រៀមគោលដៅស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ក៏ដូចជាគោលដៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ ផ្នែកដ៏សំខាន់មួយទៀត គឺជាការដកស្រង់បទពិសោធន៍លើការរៀបចំបច្ចេកទេស របស់មន្ត្រីរៀបចំការប្រកួត ដោយសារទីតាំងប្រកួត នៅក្នុងខេត្តសៀមរាបនេះ គឺជាទីតាំងប្រកួតលើផ្នែកកង់គួក និងកង់ភ្នំ សម្រាប់គោលដៅនៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ»។ នេះជាការអះអាងបន្ថែមរបស់លោក នូ ចំរើន។
យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធខ្មែរកីឡាទោចក្រយានបានឲ្យដឹងពីការប្រកាសបើកទទួលចុះឈ្មោះចូលរួមប្រកួតរបស់កីឡាករ កីឡាការិនី ស្ដីពីការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ (ពន្យារពេល) ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
ការទទួលពាក្យចូលរួមប្រកួត នឹងបន្តធ្វើជារៀងរាល់ថ្ងៃ រហូតដល់បិទបញ្ចប់ការចុះឈ្មោះ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ដូច្នេះ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្លិប-សមាគម ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត មេត្តាជ្រាបថា ក្រោមគម្រោងជំនួយឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយសាលាខេត្តសៀមរាប និងក្លិបម៉ូតូប៊េអឹមដាប់ប៊លយូកម្ពុជា នឹងរៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ពីវិញ្ញាសាដែលត្រូវដាក់ឲ្យប្រកួតរួមមាន៖ ប្រភេទកង់គួក (Road Bike) មាន៖ ១.កង់គួកបុរសថ្នាល (Man Junior Road Bike), ២.កង់គួកបុរសឈុតធំ (Man Elite Road Bike) និង ៣.កង់គួកបុរស (Man Master Road Bike)។ ប្រភេទកង់ភ្នំ (Mountain Bike) មាន៖ ១.កង់ភ្នំបុរសថ្នាល (Man Junior Mountain Bike), ២.កង់ភ្នំបុរសឈុតធំ (Man Elite Mountain Bike), ៣.កង់ភ្នំនារី (Women Mountain Bike) និងទី៤.កង់ភ្នំបុរស (Man Master Mountain Bike)៕
ដោយ ៖ សិលា