ខេត្តកណ្ដាល៖ មនុស្ស២នាក់បានរងរបួសធ្ងន់ ខណៈបើកម៉ូតូបុកគ្នាពេញមួយទំហឹង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង៩និង៥៥នាទីលើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះរបួសធ្ងន់មាន២នាក់ ទី១-ឈ្មោះ សុឹង រតនា ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បើកបរម៉ូតូម៉ាកHONDA DREAM C125 ស៊េរីឆ្នាំ2011 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AT-0759 និងទី២-ឈ្មោះ ធូ ចន្ថា ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកZoomer-X ពណ៌ ស-លឿង ពាក់ស្លាកលេខកណ្តាល1U- 6427។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C125 ស៊េរីឆ្នាំ2011 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AT-0759 បើកបរដោយឈ្មោះ សុឹង រតនា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ក្នុងទិសដៅពីអ្នកលឿង-ភ្នំពេញ ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកម៉ូតូ០១គ្រឿងម៉ាកZOOMER-Xពណ៌ ស-លឿង ពាក់ស្លាកលេខកណ្តាល1U- 6427 បើកបរដោយឈ្មោះ ធូ ចន្ថា ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ទិសដៅអ្នកលឿងទៅភ្នំពេញ ជិះបញ្ជ្រាសផ្លូវគ្នា) ពេលមកដល់កន្លែងកើតហេតុបានបើកឆ្លងថ្នល់ពីលិចទៅកើតបណ្តាលឱ្យបុកគ្នារបួសធ្ងន់០២នាក់ភេទប្រុស។ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ។ដោយឡែកម៉ូតូ០២គ្រឿងនោះត្រូវបានកម្លាំងប៉ុស្តិ៍យកទៅរក្សាទុករង់ចាំជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយធ្វើការវាស់វែងនិងយកទៅរក្សាទុកជាភស្តុតាងតាមនីតិវិធី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ករណីនេះបណ្តាលមកពីអ្នកជិះម៉ូតូឈ្មោះ សុឹង រតនា ជិះលឿនមិនមើលផ្លូវមានឧបសគ្គខាងមុខ។
ចំណែកឯអ្នកបើកបរម៉ូតូឈ្មោះ ធូ ចន្ថា ធ្វេសប្រហែសជិះបញ្រ្ចាសទិសមិនមើលឆ្វេងស្តាំមុននឹងឆ្លងថ្នល់៕
ដោយ៖ស្អាងជ័យ