ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជន ទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Jody Direen កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ ១. Baby Serum White and Smooth Face, ២. វិមាន Vitamin C Day Cream, ៣, វិមាន Vitamin C Night Cream គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។ អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរ ឱសថ ឬគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខបញ្ជិកា ឬប្រវេទន៍ពីក្រសួង សុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះតម្រូវអោយមានការអនុញ្ញាតពីក្រសួង សុខាភិបាល ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់ អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់មិនត្រូវប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលខាងលើ ជាដាច់ខាត ព្រោះផលិតផលទាំងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេស ប៊ុកឈ្មោះ Jody Direen ដែលបាននិងកំពុងនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផល ខាងលើនេះទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាងនៃក្រសួងសុខាភិបាលសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៣៥៥ ១៦១,០១១ ៥៧៤៧៨៧,០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦៕
ដោយ ៖ សុខ ខេមរា