រយៈពេលមួយខែកន្លះក្រោយលុបច្បាប់រឹតត្បិតតាមគោលនយោបាយ«រស់នៅជាមួយកូវីដ-១៩» នៅថ្ងៃទី១៦ខែធ្នូនេះ កូរ៉េខាងត្បូងបានប្រកាសថានឹងអនុវត្តវិធានការរឹតត្បិតជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ខណៈករណីឆ្លងកូវីដ-១៩ក្នុងប្រទេសនេះកើនឡើងខ្ពស់ ។
មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា ការរឹតត្បិតថ្មី នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៨ខែធ្នូ ដោយការជួបជុំគ្នាលក្ខណៈគ្រួសារមិនលើសពី៤នាក់ ហើយអ្នកទាំងនោះគឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ ។ បណ្តាភោជនីយដ្ឋាន ហាងកាហ្វេ ក្លិបរាត្រី គឺត្រូវតែបិទទ្វារចាប់ពីម៉ោង ២១ទៅ ។ ចំណែករោងភាពយន្ត ហាងកាហ្វេអុីនធើណេតនឹងត្រូវបិទទ្វារចាប់ពីម៉ោង២២។ ច្បាប់ថ្មីនេះ អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺអាចចូលពិសាអាហារតែម្នាក់ឯង ឬទិញយកទៅផ្ទះ។
ការរឹតត្បិតត្រូវបានអនុវត្តក្រោយពេលដែលករណីឆ្លងរាលដាលកូវិដ-១៩នៅកូរ៉េខាងត្បូង កើនឡើងខ្ពស់មិនធ្លាប់មានពីមុនមក ហើយអ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូសក៏បានឆ្លងរាលដាលខ្ពស់ផងដែរ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Kim Boo-kyum បានបញ្ជាក់ថា «យើងខិតខំអស់ពីសមត្ថភាពដើម្បីយកឈ្នះកូវីដ-១៩ ដែលកំពុងតែវាយលុកនៅក្នុងសង្គមរបស់យើង»។ ជាមួយគ្នានេះដែរមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងកូរ៉េខាងត្បូងបានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសកើនឡើងជាង៥៤៤ពាន់នាក់ ហើយក្នុងថ្ងៃទី១៥ខែធ្នូបានរកឃើញករណីឆ្លងថ្មីដល់ទៅ៧.៦២២នាក់៕ ដោយ៖ធីរីណា
រូបថត៖THX/VNA