ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ – រាជរដ្ឋាភិបាលកម្ពុជា ថ្លែងការកោតសរសើរនូវកិច្ចខិតខំរបស់ លោកឧបនាយករដ្ឋមន្តី្រ ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ សុរិយោដីថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងផ្នែកអធិការកិច្ចនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អាជ្ញាធរទន្លេសាប ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានចុះ ដោះស្រាយបញ្ហាកាប់ទន្ទ្រានដែនដីព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប– រាជរដ្ឋាភិបាលកម្ពុជា ប្តូរផ្តាច់ចំពោះយុទ្ធនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាង អាណាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប និងការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃ តំបន់បឹងទន្លេសាប ព្រមទាំងដកហូតយកមកប្រគល់ជូនរដ្ឋវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹក ទាំងឡាយណាដែលកាន់កាប់ដោយខុសច្បាប់នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបដែលរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព ។
សូមបញ្ជាក់ថា, អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តតកំពង់ឆ្នាំង និងលោកវីរៈសេនីយ៍ឯក កែវណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមកសាកសួរ ពាក់ពន្ធនិងករណីរំលលោភព្រៃលិចទឹកតំបន់៣ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ៕
ដោយ៖សុខ ខេមរា