ព័ត៌មានទាន់ហេតុការណ៍៖

Chelsea បានត្រឹមស្មើក្នុងទឹកដី ខណៈ Liverpool បន្តជ័យជម្នះតាមប្រកៀកក្រុមកំពូលតារាង

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានខកខានឱកាសមួយដើម្បីរកបាន៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Premier League គឺក្រុម Manchester City ខណៈដែលក្រុមភ្ញៀវ Everton រកបានគ្រាប់បាល់តាមស្មើ ដែលបាត់បង់ឱកាសទទួលបាន៣ពិន្ទុដ៏អស្ចារ្យនៅកីឡដ្ឋាន Stamford Bridge ។

ខ្សែបម្រើជម្រើសជាតិអង់គ្លេស Mason Mount របស់ក្រុមតោខៀវ Chelsea បានជួយឱ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខមុននៅនាទីទី៧០ដែលបានស៊ុតបញ្ចូលទីផុតដៃអ្នកចាំទី Jordan Pickford របស់ក្រុម Everton បន្ទាប់ពីការបញ្ជូនរបស់កីឡាករ Reece James។​ ប៉ុន្តែក្រុមEverton បានតាមស្មើវិញនៅ៤នាទីក្រោយមកនៅពេលដែលខ្សែការពារអាយុ១៩ឆ្នាំ Jarrad Branthwaite ស៊ុតបញ្ចូលទីនៅនាទីទី៧៤ ក្នុងការបង្ហាញខ្លួនក្នុងលីគដំបូងរបស់គាត់រដូវកាលនេះ។

ជាមួយគ្នានោះកីឡាករ Thiago Silva មាន​ឱកាសរកគ្រាប់បាល់ឲ្យក្រុម​ម្ចាស់​ផ្ទះ Chelsea ដោយការ​តែត​បាល់​បញ្ចូល​ទីប៉ុន្តែត្រូវបាន​សង្គ្រោះ​យ៉ាង​អស្ចារ្យ​ដោយអ្នកចាំទី Pickford។ នេះគឺជាទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍មួយរបស់អ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះ ខណៈដែលគាត់ក៏បានរារាំងការស៊ុតពី Christian Pulisic, James, Jorginho និងការព្យាយាមស៊ុតបាល់បញ្ចូលទីចំនួន៣ដងពីកីឡាករ Mount ។

លោក Rafael Benitez គ្រូបង្វឹកក្រុម Everton បាននិយាយថា “Jordan Pickford បានធ្វើការសង្គ្រោះដ៏ល្អ វាជារឿងសំខាន់ក្នុងការមានអ្នកចាំទីដ៏ល្អ។ ជួនកាល​អ្នក​ត្រូវ​ការ​សំណាង​បន្តិច​ហើយ​ឆ្នាំ​នេះ​យើង​មិន​សំណាង​ខ្លាំង​ទេ​ដែល​មាន​របួស​ទាំង​អស់។ ជាក់ស្តែងវាពិបាកក្នុងការទទួលបានពិន្ទុនៅទីនេះ ប៉ុន្តែយើងបានធ្វើវាជាមួយនឹងកីឡាករវ័យចំណាស់ជាច្រើនដែលមិនមាន ហើយកីឡាករដែលលេងជាកីឡាករបម្រុងនៅតែមានបញ្ហាមួយចំនួន”។

ការប្រកួតស្មើគ្នារវាងក្រុម Chelsea នឹង Everton នេះបានធ្វើឲ្យក្រុមតោខៀវបាត់បង់៣ពិន្ទុ ដោយមានគម្លាតពីក្រុមកំពូលតារាងរហូតដល់៤ពិន្ទុ។ ក្រុមតោខៀវ Chelsea បានបរាជ័យ១ប្រកួត និងស្មើ១ប្រកួតដែលធ្វើឲ្យក្រុមនេះឈរចំណាត់ថ្នាក់លេខ៣ មាន៣៧ពិន្ទុ ចាញ់ក្រុមលេខ២Liverpool ៣ពិន្ទុ និងចាញ់ក្រុមលេខ១ Man City ៤ពិន្ទុ។

ដោយឡែកការប្រកួតរបស់ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវ Newcastle United ក្នុងលទ្ធផល៣ទល់១ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ ទី១៧ ធ្នូនេះ ដែលធ្វើឲ្យក្រុមហង្សក្រហមបន្តកាន់កាប់លេខ២ក្នុងតារាងលីគកំពូលអង់គ្លេស។ ខ្សែប្រយុទ្ធ Mohamed Salah បានស៊ុតបញ្ចូលទីគ្រាប់ទី២២របស់គាត់ក្នុងរដូវកាលនេះ ខណៈដែល Liverpool បានបិទគម្លាតលើក្រុមកំពូលតារាង Premier League គឺក្រុម Manchester City ក្រោយពីបំបាក់ក្រុម Newcastle ។

ការប្រកួតដោយគ្មានខ្សែការពារ Virgil van Dijk និង Fabinhoដោយសារតែការសង្ស័យថា មានការធ្វើតេស្តរកវិជ្ជមាន COVID-19 នោះ ក្រុមរបស់លោក Jurgen Klopp បានចាប់ផ្តើមការប្រកួតនេះដោយរលូន។ ក្រុមភ្ញៀវ Newcastle រកបានគ្រាប់បាល់១គ្រាប់នាំមុខនៅនាទីទី៧ ដោយកីឡាករ Jonjo Shelvey។ យ៉ាង​ណា​មិញក្រុមLiverpool រកឱកាសយកជ័យជម្នះវិញគឺការស៊ុតតាមស្មើរបស់ Diogo Jota ១គ្រាប់តាមស្មើនៅនាទីទី២១ និង១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah នៅនាទីទី២៥។ ការស៊ុតបញ្ចូលទីរបស់ Mohamed Salah ដែលមានន័យថា គាត់បានតាមស្មើកំណត់ត្រារបស់កីឡាករ Jamie Vardy ក្នុងការស៊ុតបញ្ចូលទី ឬជួយឲ្យក្រុមទទួលបានជ័យជម្នះក្នុង១៥ប្រកួតជាប់ៗគ្នានៅ Premier League ។

ក្រុម Newcastle ក្រោមការដឹកនាំរបស់លោក Eddie Howe មានភាពប្រសើរឡើងបន្ទាប់ពីការសម្រាកក្នុងតង់ទី១ ខណៈដែលក្រុមម្ចាស់ផ្ទះបានបន្ធូរបន្ថយ ហើយមានឱកាសវាយបកវិញនៅមុខទីក្រុម Liverpool ប៉ុន្តែនៅតែធ្វើអ្វីមិនបាន។ ការប្រកួតជិតនឹងបញ្ចប់ទៅហើយខ្សែការពារស្លាបTrent Alexander-Arnold បានស៊ុតបាល់ពីចម្ងាយជួយឲ្យក្រុម Liverpool កាន់តែមានទំនុកចិត្តសម្រាប់ជ័យជម្នះនេះ ធ្វើឲ្យចប់ការប្រកួត Liverpool បន្តរកបាន៣ពិន្ទុពី Newcastle ក្នុងលទ្ធផល៣ទល់១ ដោយដេញតាមក្រុមកំពូលតារាង Man City តែ១ពិន្ទុប៉ុណ្ណោះ ។

ចំណែកក្រុម Newcastle ក្រោយពីបរាជ័យនេះនៅតែឈរនៅលេខរៀងទី១៩ក្នុងតារាង មាន១០ពិន្ទុប៉ុណ្ណោះក្នុង១៧ប្រកួតស្ថិតក្នុងក្រុមដែលត្រូវកាត់ចោល ដោយចាញ់៣ពិន្ទុពីក្រុមសុវត្ថិភាព ហើយភារកិច្ចរបស់ក្រុមនេះក្នុងការជៀសវាងការកាត់ចោលមិនងាយស្រួលជាងនេះទេ នៅពេលដែលពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមខ្លាំង Man City បន្តទៀតនៅថ្ងៃអាទិត្យ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖