ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់បញ្ជូនបុរសម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ពោលគឺចេញសែកអត់មានសាច់ប្រាក់ប្រមានជាង១០ម៉ឺនដុល្លារអាមេរិក ។
បុរសរូបនោះមានឈ្មោះ សារុន វិធុរ៉ាក់ អាយុ៤៣ឆ្នាំ មុខរបរ អតីតជាថៅកែស្ថានីយប្រេងPTT ដែលមានទីតាំងស្ថិតនៅរង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សំណុំរឿងជនសង្ស័យជាអតីតថៅកែស្ថានីយប្រេងPTT នេះបានស្ថិតនៅលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ។
តាមប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះពាក់ព័ន្ធនឹងការចេញសែកស្អុយលើទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ។
តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ សារុន វិធុរ៉ាក់ អតីតជាថៅកែស្ថានីយប្រេងPTT ប៉ុន្តែក្រោយពីមានរឿងអាស្រូវប្រើអំពើហិង្សាវាយគ្រូបង្រៀនម្នាក់ដែលខ្លួនចោទថាលួចថតនារីកំពុងចូលបន្ទប់ទឹកនោះមក ឮថាគាត់ក្ស័យធន និងជំពាក់ប្រាក់គេវ័ណ្ឌ.កក៏បានបោះបង់ចោលមុខរបរនេះទៅ ដោយទៅវក់នឹងល្បែងស៊ីសង ត្រូវក្រុមគ្រួសារនិងសាច់ញាតិលែងសូវរាប់រក ទើប ត្រូវធ្លាក់ខ្លួនបែបនេះ ។
សូមរំលឹកថា ជនសង្ស័យឈ្មោះ សារុន វិធុរ៉ាក់ ត្រូវបានគេស្គាល់ថាជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលខេត្តតាកែវ ហើយឈ្មោះសារុន វិធុរ៉ាក់នេះបានរួមដៃជាមួយបក្ខពួកប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណស្ថានីយប្រេងរបស់ខ្លួន ដោយចោទថា គ្រូបង្រៀនរូបនោះបានចូលទៅអុកឡុក និងលួចថតរូបស្ត្រីនៅក្នុងបន្ទប់ទឹក ។ ក្រោយកើតហេតុនោះ សមត្តកិច្ចនគរបាលខណ្ឌដង្កោ បានចុះទៅដល់ និងនាំខ្លួនម្ចាស់ស្ថានីយប្រេងPTT ទៅសាកសួរ។ បន្ទាប់មកសមត្តកិច្ចបានតាមចាប់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ងន់ រចនា ភេទប្រុស អាយុ២០ឆ្នាំ ជាកូនចៅថៅកែស្ថានីយប្រេងPTTនេះ ។
សមត្តកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ទើបមានការឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងស្ថានីយប្រេងPTT ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានឃុំខ្លួនអស់រយៈពេលប្រមាណជា៤ខែ រហូតដល់រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងនេះមកបើកសវនាការផ្តន្ទាទោសលើជនត្រូវចោទ ។ ក្រោយពីសវនាការបានសាកសួរដេញដោលចប់សព្វគ្រប់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។ លុះដល់ថ្ងៃតុលាការ ប្រកាសសាលក្រមផ្តន្ទាទោសចំពោះជនជាប់ចោទដាក់ពន្ធនាគារទៅតាមច្បាប់កំណត់រួចរាល់ហើយដែរ ៕
ដោយ ៖ រ៉ារ៉ា