រដ្ឋាភិបាលបារាំងបានអំពាវនាវដល់សហគមន៍អឺរ៉ុបឱ្យដំណើរការផ្លូវច្បាប់ប្រឆាំងអង់គ្លេស ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងឡុងដុង ដកហូតលិខិតអនុញ្ញាតនេសាទរបស់នាវានេសាទបារាំង។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប លោក Clement Beaune បានបញ្ជាក់ថា បារាំងមានលិខិតអនុញ្ញាតឱ្យនេសាទដល់ទៅ៩៣% ក្រោយអង់គ្លេសចាកចេញពីអឺរ៉ុប ។ ប៉ុន្តែតាមការលើកឡើងរបស់អ្នកគ្រប់គ្រងដែនសមុទ្របារាំង លោក Annick Girardin បានបញ្ជាក់ថា បារាំងទទួលបានលិខិតអនុញ្ញាតនេសាទតែ៧៣%ប៉ុណ្ណោះក្នុងដែនសមុទ្រប្រទេសអង់គ្លេស។ ទីក្រុងប៉ារីស បានបញ្ជាក់ថា នឹងបន្តតវ៉ារហូតដល់អង់គ្លេសផ្តល់ជូនលិខិតអនុញ្ញាត គ្រប់ចំនួន។
លោក Clement Beaune បានបញ្ជាក់ក្រោយជំនួបជាមួយប្រធានាធិបតីបារាំង លោកម៉ាក្រុងថា «ជំហានបន្ទាប់របស់យើងគឺស្នើដល់គណៈកម្មការអឺរ៉ុប EC និងកោះហៅគណៈកម្មការជាដៃគូដែលបានបង្កើតឡើងក្រោយកិច្ចព្រមព្រៀង Brexit មកពិភាក្សាស្វែងរកដំណោះស្រាយ។
រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចក្រភពអង់គ្លេស បានផ្តល់លិខិតអនុញ្ញាតជាច្រើនបន្ថែមទៀតដល់ក្រុមអ្នកនេសាទបារាំង ។ ប៉ុន្តែនាវានេសាទជាច្រើន របស់ Gallic មិនទទួលបានលិខិតអនុញ្ញាតនេសាទនៅដែនសមុទ្រដែលគ្រប់គ្រងដោយអង់គ្លេសនោះទេ ៕
ដោយ៖ធីរីណា