ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ លោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌ និងមន្ត្រីរាជការ សង្កាត់ទាំង៦ នៃរដ្ឋបាលខណ្ឌសែនសុខ បានចូលរួមក្នុងពិធីម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ពហុកីឡាដ្ឋាន ជាតិមរតកតេជោ ដែលជាពហុកីឡដ្ឋានលំដាប់អន្តរជាតិដ៏ធំជាងគេបំផុត របស់ព្រះរាជាណាចក្រកម្ពុជា បានស្ថាបនាឡើង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានប្រារព្វពិធីប្រគល់និងទទួលជាផ្លូវការ កាលពីថ្ងៃទី ១២កញ្ញា ឆ្នាំ ២០២១កន្លងមកនេះ រវាងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
ពហុកីឡដ្ឋានជាតិមរតកតេជោ ដែល នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាច រៀបចំពិធីថ្នាក់ជាតិ ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន ពិសេសនិងក្លាយជាពហុកីឡដ្ឋានដ៏ សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ខាងមុខ។
ពហុកីឡដ្ឋានមរតកតេជោក៏ជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលអាចទទួលទស្សនិកជនចូលអង្គុយទស្សនារហូត ដល់ជាង៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនក្នុងរយៈពេលប្រមាន៧នាទី នៅពេលជួបឧបទ្ទហេតុអ្វីមួយកើតឡើង។ សមិទ្ធផលនេះកើតឡើង ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិន ដែលជា សមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌការកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្រ្តនេះ និងចារទុកក្នុងក្រអៅបេះដូងរបស់ប្រទេស និងប្រជាជនកម្ពុជា ដែលមិត្តដែកថែមចិន បានរួមចំណែកកសាងទុកសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ប្រើប្រាស់ជាកេរមរតកប្រវត្តិសាស្រ្ត ជាយូរអង្វែងតរៀងទៅ៕
ដោយ៖ ចន្ទ លីហ្សា