អតីតខ្សែប្រយុទ្ធ Real Madrid និងប្រេស៊ីល លោក Ronaldo ដែលចូលនិវត្តន៍បានទិញភាគហ៊ុនគ្រប់គ្រងនៅក្នុងអតីតក្លិបរបស់គាត់ឈ្មោះCruzeiro ដែលកំពុងលេងនៅលីកទី២នៃប្រទេសប្រេស៊ីល។
លោក Ronaldo ដែលបានលេងឱ្យក្រុម Cruzeiro ក្នុងវ័យជំទង់នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលបន្តក្លាយជាខ្សែប្រយុទ្ធដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ បានធ្វើកិច្ចព្រមព្រៀងដោយមានជំនួយពីធនាគារវិនិយោគរបស់ប្រេស៊ីល XP ។
ប្រតិបត្តិការដែលធ្វើឡើងតាមរយៈក្រុមហ៊ុន Tara Sports របស់លោកRonaldo នៅតែស្ថិតក្រោមអ្វីដែលធនាគារហៅថា “លក្ខខណ្ឌជាបន្តបន្ទាប់” ដែលអតីតកីឡាករវ័យ៤៥ឆ្នាំរូបនេះវិនិយោគទឹកប្រាក់៧០លានដុល្លារអាមេរិក នៅក្នុងក្លិប Belo Horizonte ដែលធ្លាប់ចំណាយពេល២ឆ្នាំនៅលីគលំដាប់ទី២របស់ប្រទេសប្រេស៊ីល។
Ronaldo បាននិយាយក្នុងវីដេអូបង្ហោះដោយប្រធាន Cruzeiro ពេលកាន់អាវខៀវមួយរបស់ក្លិបថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានបញ្ចប់ប្រតិបត្តិការនេះ។ យើងមានការលំបាកជាច្រើនក្នុងការធ្វើ មិនមានអ្វីដើម្បីអបអរនៅឡើយទេ ប៉ុន្តែយើងនាំមកនូវការខិតខំប្រឹងប្រែងជាច្រើន និងមហិច្ឆតាដើម្បីធ្វើឱ្យ Cruzeiro អស្ចារ្យម្តងទៀត” ។
នេះជាការដឹកនាំលើកទី២សម្រាប់អតីតខ្សែប្រយុទ្ធក្រុម PSV Eindhoven, Inter Milan, AC Milan, Barcelona និង Corinthians។លោក Ronaldo បានទិញភាគហ៊ុន៥១ភាគរយនៅក្នុងក្លិបអេស្ប៉ាញ Real Valladolid ក្នុងឆ្នាំ២០១៨។
ទាំងគាត់ និងក្លិប Cruzeiro មិនបានផ្តល់ព័ត៌មានលម្អិតសំខាន់ៗណាមួយឡើយ ប៉ុន្តែក្រុម XP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាស្វែងរកការជួយឧស្សាហកម្មបាល់ទាត់ប្រេស៊ីលជាមួយនឹងជំនាញវិជ្ជាជីវៈ មូលធននីយកម្ម និងការបើកឱកាសថ្មីៗ”។
កិច្ចព្រមព្រៀងនេះកើតឡើងប៉ុន្មានខែបន្ទាប់ពីសភាប្រេស៊ីលបានដាក់ទណ្ឌកម្មលើច្បាប់ដែលអនុញ្ញាតឱ្យក្លិបបាល់ទាត់ដែលធ្លាប់គ្រប់គ្រងដោយអ្នកគាំទ្រ និងបិទទ្វារសម្រាប់អ្នកវិនិយោគខាងក្រៅឱ្យក្លាយជាអាជីវកម្មមួយ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)