ព័ត៌មានទាន់ហេតុការណ៍៖

ទើបនឹងភ្ញាក់ទេដឹង ! អាជ្ញាធរខេត្តកណ្តាល ទើបរក​ឃើញ​​រណ្តៅ​​ដី​ជីកដល់​ក្បាល​​ប្រេត​​ ៨​ទីតាំង​សុទ្ធតែអត់​ច្បាប់​

ចែករំលែក៖

ខេត្ត​​កណ្តាល​​​​ ៖ លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត​កណ្ដាលបានឱ្យ​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដីចំនួន​៨​ទីតាំង ស្ថិត​នៅ​ស្រុក​កណ្ដាលស្ទឹងត្រូវ​តែ​បង់​សួយ​សារចូល​រដ្ឋ បង់ការ​ផាកពិន័យ និង​ជួសជុល​ផ្លូវ​ដែល​​រងការ​ខូចខាត ។

នេះជាថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​ពិនិត្យ​អាជីវកម្ម​រ៉ែដែល​ពុំ​មានច្បាប់​អនុញ្ញាត និង​ធ្វើ​ខុស​បច្ចេកទេស ឬ​ធ្វើ​លើស​ដែនកំណត់អាជ្ញាប័ណ្ណ​ចំនួន៨​ទីតាំង ដែល​ស្ថិត​នៅ​ក្នុងស្រុក​កណ្តាលស្ទឹង នា​រសៀលថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅ ។

លោកអភិបាលខេត្ត​កណ្ដាល​បាន​ណែនាំ​ថា , ដើម្បី​ពង្រឹង​នូវ​អាជីវកម្ម​ដឹក​ជ​ញ្ជូ​ន​រ៉ែ ដែល​បាន​ធ្វើ​ឱ្យ​ផ្លូវ​ខូច និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែល​ពុំ​មាន ច្បាប់​អនុញ្ញាត ការ​ធ្វើ​ខុស​បច្ចេកទេស​រុករក​រ៉ែ ការ​ធ្វើ​លើស​ដែន​អាជ្ញា​ប័ណ្ណ និង​ការ​មិន​ចូលរួម​បង់ពន្ធ​សួយ​សារ​ចូល​រដ្ឋ ក្រុមការងារ​ខេត្ត បាន​ចុះ​ធ្វើការ​ពិនិត្យ នៅ​រណ្ដៅ​ដី​ចំនួន​៨​ទីតាំង ស្ថិត​ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​បាន​រក​ឃើញ​ថា​ម្ចាស់​ទីតាំង​ចំនួន​៨នេះ គ្មាន​អាជ្ញាប័ណ្ណ​ហើយ​ជីក​ខុស​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់ ត្រូវ​បាន​គណៈកម្មការចម្រុះធ្វើការ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន ។ ត្រង់ចំណុចមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ឆ្ងល់ដែរ តើអាជ្ញាធរភូមិ-ឃុំ-ស្រុក និងខាងជំនាញមន្ទីររ៉ែនិងថាមពល អត់ដឹងបន្តិចអីសោះម៉ង ! ឬមួយ(កន្ទេលធំបន្លំដេក ) ឈ្មួញជីកដល់ក្បាលប្រេត បែជាលោកអភិបាលនៃគណៈអភិបាលខេត្តទើបនិងដឹង ហើយចាត់វិធានការនេះ ? សកម្មភាពភាពជីករណ្តៅដីមិនមែនជាកន្លែង ស្ងាត់ជ្រងំ បាំងបិទដោយរោងម៉ាស៊ីនត្រជាក់ទេ ហើយប្រជាពលរដ្ឋតាមមូលដ្ឋានគាត់រងគ្រោះ ដោយសារការដឹកជញ្ជូន ហុយ បំផ្លិចបំផ្លាញផ្លូវ ដ៏គគ្រឹកគគ្រេង ហេតុអីអាជ្ញាធរមូលដ្ឋាន អនុញ្ញាត ដោយគ្មានច្បាប់ទម្លាប់ ។

មន្ត្រី​ម្នាក់​​នៅ​សាលា​ខេត្ត​​និយាយ​ថា ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ អាជីវកម្ម​ជីក​យក​​ដី​ដឹក​លក់​ សម្រាប់​​ខេត្ត​កណ្តាល​មាន​ភាព​អនាធិបតេយ្យ​​បំផុត​ គឺគ្មាន​ការ​​ត្រួត​ពិនិត្យ​​ទេ គេ​ត្រូវ​គ្នា​អស់​ហើយ​ ពី​មន្ទីរ​រ៉ែ​និង​ម្ចាស់​​ស្រុក​ ពុករលួយ​​ដល់​​ឆ្អឹង​…​ចំណែក​ម្ចាស់​​ដី​ស្រែ​ដែល​នៅ​ជាប់​រណ្តៅ​ដី​ ទឹក​ភ្នែក​រហូតព្រោះ​ដី​ស្រែ​របស់​គាត់​​បាក់​ចូល​ក្នុង​រណ្តៅ​ដី​ គ្មាន​មហា​បុរស​ណា​ជា​ម្ចាស់ ​ស្រុក​​ជួយ​រក​យុត្តិ​ធម៌​​ទេ គេ​ត្រូវ​​គ្នា​អស់​ជា​មួយ​អ្នក​​ជីក​​ ចែក​លុយ​​គ្នា​រស់​
​យ៉ាង​សុខ​សាន្ត​…​យ៉ាប់​​ជាង​គេ​​​ប្រធាន​មន្ទីរ​រ៉ែ​ខេត្ត​តែមតែម្ត សម្ងំកើបលុយ របៀបមន្ត្រីគ្រាប់ល្ពៅស្ងោរហើយ។
សូមមេត្តា លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត​កណ្ដាល សិក្សាករណីនេះផង តើអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក ខាងមន្ទីររ៉ែនិងថាមពល គាត់មានវិធីបែបណា ក្នុងការផ្តល់មធ្យោបាយឱ្យឈ្មួញជីយកអាចម៍ដីដល់ឃើញក្បាលប្រេតនេះ ? ៕

ដោយ៖ សិលា


ចែករំលែក៖