ព័ត៌មានទាន់ហេតុការណ៍៖

មេឃុំម្នាក់និងអ្នកកាសែតម្នាក់ត្រូវកម្លាំងជំនាញបញ្ជូនទៅតុលាការជាប់ពាក់ព័ន្ធនឹងដីព្រៃលិចទឹកក្នុងតំបន់៣

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនខ្លួនមេឃុំម្នាក់និងអ្នកកាសែតម្នាក់ដែលជាប់ពាក់ព័ន្ធនឹងដីព្រៃលិចទឹកតំបន់៣នៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១នេះ។

   ជនសង្ស័យដែលកម្លាំងជំនាញបញ្ជូនទៅតុលាការនោះមាន ១-ឈ្មោះ អែម ណុយ ភេទប្រុស អាយុ៦០ឆ្នាំ ជាមេឃុំភ្នំលៀប រស់នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រ និង២-ឈ្មោះ ឈួម ធូ ភេទប្រុស អាយុ៥៧ឆ្នាំ អ្នកយកព័ត៌មាន ឱ្យកាសែតនិសិ្សតខ្មែរ រស់នៅភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប  ស្រុកព្រះនេត្រព្រះ ពាក់ព័ន្ធនឹងដីព្រៃលិចទឹកនៅចំណុចតំបន់៣ ក្នុងស្រុកព្រះនេត្រព្រះ 

   សមត្ថកិច្ចប្រាប់ថា ដោយមានការដឹកនាំពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញផែនការងារសន្តិសុខ ផែនការងារព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ចូលរួមសហការពីកម្លាំងកងរាជអាវុធហត្ថខេត្ត និងខណ្ឌរដ្ឋបាលជលផលខេត្ត បានធ្វើការស្រាវជ្រាវ សាកសួររហូតដល់ឃាត់ខ្លួនមុខសញ្ញាឈ្មោះ អែម ណុយ ភេទប្រុស អាយុ៦០ឆ្នាំកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីកាប់កាន់ ទន្ទ្រាន និងលក់ដីរដ្ឋដោយខុសច្បាប់។ ជននេះបានលក់ដីនៅចំណុចបឹងក្ងាន តំបន់៣ ឃុំភ្នំលៀប សរុប១១០ហិកតាឱ្យទៅប្រជាពលរដ្ឋ០៦នាក់កាលពីអំឡុងឆ្នាំ២០១៨ និង២០១៩ ដោយពុំបានធ្វើលិខិតស្នាមអ្វីឡើយ សរុបទឹកប្រាក់ចំនួនបីម៉ឺនប្រាំបួនពាន់ប្រាំពីររយដុល្លារ , មួយសែនមួយម៉ឺនបាត ។លុះមកដល់ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឈួម ធូ ភេទប្រុស អាយុ ៥៧ឆ្នាំ ពាក់ព័ន្ធនឹងករណីឈូសឆាយ កាប់ឆ្ការ គាស់រាន និងកាន់កាប់ដីព្រៃលិចទឹកនៅឆ្នាំ២០១៨ និង២០១៩ នៅចំណុចតំបន់៣ ចំណុចអាងលីសំអាន ទំហំ១២០ហិកតា និងដីកូនរបស់គាត់ សរុប២០០ហិកតា ក្នុងភូមិក្របៅ ឃុំភ្នំលៀប ។ 

   សមត្ថកិច្ចបញ្ជាក់ថា ករណីទាំង២នេះ កម្លាំងជំនាញព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានបញ្ជូនទៅកាន់ស្ថាប័នតុលាការដើម្បីចាត់ការតាមនីតិវិធី ហើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖